ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា បានឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ មាស ចន្ថា ហៅខ្នុយ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅអចិន្ត្រៃយ៍ភូមិក្រាំងវិច ឃុំក្តាញ់ ស្រុកព្រៃក្បាស ខេត្តតាកែវ (ជំនាញគាស់កំបូលម៉ាស៊ីនកាត់ខ្សែតេលេនិងគាស់ទ្វារ-រថយន្តឃាត់ខ្លូននៅខេត្តតាកែវ) ទី២-ឈ្មោះ សេង វណ្ណៈ ហៅឌីជេ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅអចិន្ត្រៃយ៍ភូមិព្រែកឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល (ជាអ្នកបើករថយន្តបិទគូថ និងរកទីផ្សារឃាត់ខ្លួននៅក្រុងតាខ្មៅ) ទី៣-ឈ្មោះ អ៊ុន អ៊ីយូរ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅបច្ចុប្បន្នភូមិអូរឫស្សី១ ឃុំអូរឫស្សី ក្រុងក្រចេះ (ជាអ្នកដឹងឮ និងជួយចាត់ចែងទទួល-ទិញរថយន្តដែលលួចបានឃាត់ខ្លួននៅខេត្តក្រចេះ) ទី៤-ឈ្មោះ គា សុមិញ ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំហាងខារ៉ាអូខេត្រជាក់ចិត្ត ស្ថិតក្នុងភូមិ-សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ (ជាប្រពន្ធសង្ស័យឈ្មោះ មាស ចន្ថា ឃាត់ខ្លួននៅក្រុងតាខ្មៅ) ទី៥-ឈ្មោះ ប្រាក់ សារុន ភេទស្រី អាយុ២៩ឆ្នាំ ស្នាក់នៅភូមិសៃវ៉ា ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ (ជាប្រពន្ធជនសង្ស័យឈ្មោះ ហឿង នី ឃាត់ខ្លួននៅខេត្តតាកែវ) និងទី៦-ឈ្មោះ អោក វ៉ាន់ឌី ហៅ ស្កាយ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិ-សង្កាត់ក្រុងក្រចេះ (ជាអ្នកទិញរថយន្តពីជនជនសង្ស័យឈ្មោះ ឌីន ឃាត់ខ្លួននៅខេត្តក្រចេះ ។
យឡែកបក្ខពួកជនសង្ស័យ៣នាក់ទៀតដែលរត់គេចខ្លួននោះ ទី១-ឈ្មោះ ហឿង នី ហៅតិន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ (ជំនាញកាច់.ក រថយន្តនិងកាត់ផ្តាច់ប្រព័ន្ធGPS និងជាមេក្លោង) ទី២-ឈ្មោះ អ៊ុន ស៊ីឌីន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅបច្ចុប្បន្នភូមិអូរឬស្សី១ ឃុំអូរឬស្សី ក្រុងក្រចេះ (ជាអ្នកទទួលទិញរថយន្តដែលលួចបាន) និងទី៣-ឈ្មោះ ភី ណាត់ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិត្រពាំងទា ឃុំតាំយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ (ជាអ្នកបើករថយន្តបិទគូថ) ។
លោកស្នងការរងបានថ្លែងទៀតថា ប្រតិបត្តិការស្រាវជ្រាវបង្ក្រាបមុខសញ្ញាចោរលួចរថយន្ត ដ៏សកម្មខាងលើនេះធ្វើឡើងរយៈពេល២ថ្ងៃជាប់ៗគ្នា ដឹកនាំដោយរូបលោកផ្ទាល់ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត បានសហការជាមួយនគរបាលរាជធានីភ្នំពេញ ,ខេត្តតាកែវ ,ខេត្តកំពង់ចាម និងខេត្តក្រចេះ ផងដែរ ។ ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ឃុន ម៉ាប់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជាបុគ្គលិកក្រុមហ៊ុន មានទីលំនៅម្តុំផ្សារPC ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក រឿន ណារ៉ា បានបញ្ជាក់ថា ជនរងគ្រោះខាងលើនេះបានបាត់រថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ2I-1813 កាលពីវេលាទៀបភ្លឺថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ គ្រាដែលជនរងគ្រោះយកទៅឈប់នៅខាងមុខផ្ទះម្តុំផ្សារPC ។ ក្រោយមកឆែកតាមប្រព័ន្ធGPSឃើញរថយន្តបាត់ដាននៅម្តុំហាងខារ៉ាអូខេត្រជាក់ ភូមិ-សង្កាត់សំណាញ់ ក្រុងតាខ្មៅ ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកណ្តាល ។ បន្ទាប់មកសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តបានសហការជាមួយម្ចាស់រថយន្តធ្វើការស្រាវជ្រាវតាមប្រព័ន្ធGPS ហើយសមត្ថកិច្ចនគរបាលខេត្តកណ្តាលបានបន្តសហការជាមួយនគរបាលរាជធានីភ្នំពេញ និងនគរបាលខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តក្រចេះ ចាប់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ព្រមទាំងធ្វើការដកហូតរថយន្តចំនួន៧គ្រឿង ក្នុងនោះរថយន្តកាមរីបាឡែន២គ្រឿង, រថយន្តកាមរីឆ្លាម២គ្រឿង និងរថយន្តកូរ៉ូឡា៣គ្រឿង ។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋណាដែលបានបាត់រថយន្តនាពេលកន្លងមកសុំអញ្ជើញយកលិខិតស្នាម ឬឯកសារពាក់ព័ន្ធមកផ្ទៀងផ្ទាត់ជាមួយរថយន្តដែលរឹបអូសបាន ។ ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទុកដាក់រថយន្តឲ្យបានត្រឹមត្រូវ និងមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងត្រូវចោរលួច ៕


