លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ ប្រាប់ឲ្យដឹង នាវេលាម៉ោងប្រមាណ៩:៥០នាទី ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះថា បុរសជាអ្នកនេសាទម្នាក់ ដែលបានបាត់ខ្លួននៅក្នុងករណីបាក់ទំនប់រណ្តៅដីលោកឧកញ៉ា ញឹក ផន ហៅ តាកៅ កាលពីវេលាម៉ោង២០:៣០នាទី យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ រហូតមកដល់វេលាម៉ោង៦ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ សពជនរងគ្រោះបានអណ្តែតផុសចេញពីផ្ទៃទឹកហើយ សមត្ថកិច្ចលើកយកមកលើគោក ដើម្បីធ្វើកោសល្យវិច្ច័យ ហើយក្រោយពីពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ដោយមានការជួយជ្រោមជ្រែងពីក្រុមហ៊ុន ទាំងការដឹកជញ្ជូនសព និងបន្តជួយប្រពន្ធជនរងគ្រោះជាបន្តទៀត ដែលជាស្ត្រីមេម៉ាយ។
លោកអភិបាលខណ្ឌព្រែកព្នៅប្រាប់បន្តឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ទូច ស្លឹក ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាអ្នកនេសាទ បច្ចុប្បន្នមានទីលំនៅផ្ទះជួលក្បែរកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ប្រពន្ធឈ្មោះ ឃុន ភាព អាយុ៣៨ឆ្នាំ និងមានកូនប្រុស ៦នាក់ ក្នុងបន្ទុក កូនច្បងមានអាយុ ១៤ឆ្នាំ និងកូនប្អូន ទើបតែមានអាយុ ១ខួប រស់នៅសព្វថ្ងៃពឹងផ្អែកទៅប្តីជាអ្នកនេសាទ ដោយជួលផ្ទះគេស្នាក់នៅក្នុង ១ខែ តម្លៃ ១២ម៉ឺនរៀល។ ដោយឡែកជនរងគ្រោះម្នាក់ទៀតឈ្មោះ ខន រ៉េត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនេសាទ រស់នៅភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលរងរបួសធ្ងន់នៅក្នុងហេតុការណ៍បាក់ទំនប់រណ្តៅដីខ្នាតយក្ស របស់លោកឧកញ៉ា ញឹក ផន ហៅ តាកៅ នោះផងដែរ រហូតមកដល់ពេលនេះ ក៏បានចាកចេញពីមន្ទីរពេទ្យកាល់ម៉ែត មកដល់ផ្ទះវិញហើយ ដោយសារស្ថានភាពរបួសមានការធូរស្រាលច្រើនជាងមុន ប៉ុន្តែនៅក្នុងការតាមដានជ្រោមជ្រែងរបស់ក្រុមហ៊ុនលោកឧកញ៉ា ញឹក ផន ហៅ តាកៅ ដដែលដោយមានការតាមដានពីអាជ្ញាធរសង្កាត់ព្រែកព្នៅ ក្រោមការបញ្ជារបស់លោកផ្ទាល់។
ពាក់ព័ន្ធហេតុការណ៍នេះ លោកក៏បានរាយការណ៍ជូនដំណឹងទៅដល់លោកអភិបាលរាជធានីភ្នំពេញ ក៏ដូចជាក្រសួងពាក់ព័ន្ធនានា ដើម្បីមានវិធានការចំពោះរណ្តៅដីមួយនេះ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសហើយដែរ។
សូមរំឭកឲ្យដឹងថា កាលពីវេលាម៉ោង២០:៣០នាទី យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ មានទូកអ្នករកត្រី និងកំពឹសជាច្រើនគ្រឿង ត្រូវបានទឹកកួចចូលក្នុងរណ្តៅជីកដីដ៏សែនជ្រៅមួយកន្លែង ដែលត្រូវបានគេស្គាល់ថា ជារបស់ឧកញ៉ា ញឹក ផន ហៅ តាកៅ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ បានជីកជម្រៅយ៉ាងជ្រៅ បណ្តាលឲ្យបាក់ទំនប់ ជាហេតុនាំឲ្យទឹកហូរខ្លាំងកួចទូកទាំងនោះចុះក្រោម ប៉ុន្តែមិនទាន់ដឹងថា មានមនុស្សរបួស ឬក៏ស្លាប់ប៉ុន្មាននាក់ឲ្យពិតប្រាកដនៅឡើយនោះទេ គ្រាន់តែរកឃើញបុរសម្នាក់រងរបួស ហើយត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
តាមរៀបរាប់ពីជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ ខន រ៉េត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលបានរួចផុតជីវិតនោះបានប្រាប់ឲ្យដឹងថា ដោយសារតែជីវភាពក្រីក្រពេកនោះ រូបគេជាមួយ និងអ្នកជិតខាងដ៏ទៃទៀត បាននាំគ្នាជិះទូក ដើម្បីរកត្រី និងកំពឹសក្នុងទំនប់កប់ស្រូវគ្រាន់ចិញ្ចឹមក្រពះ ខណៈដែលកើតហេតុរូបគាត់បានឮលឺស្នូរកាំភ្លើងបាញ់៣ទៅ៤គ្រាប់ និងសម្លេងស្រែកថា មិនឲ្យអុំទូកចូលជិតកន្លែងរណ្តៅដី ភ្លាមនោះរូបគេ ក៏បានអុំទូកចេញដែរ ប៉ុន្តែក៏ស្រាប់តែបាក់ទំនប់ បណ្តាលឲ្យទឹកហូរខ្លាំងកួចទូករបស់គាត់ និងអ្នកផ្សេងទៀតធ្លាក់ចុះ តែសំណាងល្អរូបគាត់បានព្យាយាមហែលឡើងមកវិញរួចផុតពីសេចក្តីស្លាប់ គ្រាន់តែរងរបួសធ្ងន់ត្រង់ចង្កេះ ហើយត្រូវបានអ្នកជិតខាងដែលទៅជាមួយឃើញក៏បានទំនាក់ទំនងឲ្យសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពព្រែកព្នៅ ប៉ុន្តែដោយសារតែស្ថានភាពធ្ងន់ធ្ងរពេក គ្រូពេទ្យក៏ដឹកបន្តយកទៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ភ្លាមៗនោះដែរ គេឃើញមានវត្តមានលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ ចុះមកដល់មន្ទីរពេទ្យ ដើម្បីមកមើលជនរងគ្រោះ និងចុះពិនិត្យនៅកន្លែងកើតហេតុ ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តនោះ គឺកូនចៅដែលប្រចាំការនៅក្នុងរណ្តៅដីនោះមិនឲ្យចូលសោះ សូម្បីតែអភិបាលខណ្ឌ ដែលជាអ្នកគ្រប់គ្រងក្នុងភូមិសាស្ត្រមួយនេះ ក៏មិនចង់ឲ្យចូលដែរ ៕

