Friday, November 13, 2015

កម្មករ​រោងចក្រ ៣៩​នាក់ រង​របួស ពេលក្រឡាប់​រថយន្ត​ ​ស្រុក​កំពង់ត្រឡាច​

កំពង់ឆ្នាំង ៖ យ៉ាងហោច​ណាស់​មានកម្ម​ករ​កម្មការិនី ៣៩​នាក់ ក្នុងចំណោម ៥២​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បាន​កើតឡើនៅ​ម៉ោង ៦:២៥​នាទី​យប់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥១ និង​៥២ ស្ថិតក្នុង​ភូមិ​តា​កុល ឃុំ​ពានី ស្រុក​កំពង់ត្រឡាច ខណៈ​ដែល​រថយន្ត​ដឹក​កម្មករ​នោះ បាន​បើក​គេច​ពី​រថយន្ត​មួយ ហើយ​ក្រឡាប់​ធ្លាក់​ទឹក​ស្រះ​នៅ​ជាប់​ថ្នល់ជាតិ​មុខ​វត្ត​តា​កុល ។​
​លោក មាស ស៊ីន​ភិន អធិការនគរបាល​ស្រុក​កំពង់​ត្រឡាច​បាន​និយាយ​ឲ្យដឹងថា អ្នកបើករថយន្ត​ដឹក​កម្មករ​រោងចក្រ​នោះ​មានឈ្មោះ ហ៊ីម រស់នៅ​ភូមិ​ត្រពាំង​ខ្ទម ឃុំ​ឈូក​ស ស្រុក​កំពង់ត្រឡាច​។​ចំពោះ​កម្មករ​របួស​ទាំង​៣៩​នាក់ គឺជា​កម្មករ​រោងចក្រ​ផ្សេងៗ​គ្នា ពួកគេ​រស់នៅ​ក្នុង​ឃុំ​ឈូក​ស ស្រុក​កំពង់ត្រឡាច ត្រូវ​បាន​រថយន្ត​ខាងលើ​ដឹក​ដាក់​តាម​រោងចក្រ​៣-៤​កន្លែង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​នៅ​ពេល​ព្រឹក ហើយ​ល្ងាច​ឡើង​បាន​ដឹក​ត្រឡប់​មក​ដាក់​តាម​ផ្ទះ​វិញ​។ មុនពេល​កើតហេតុ​រថយន្ត​ដឹក​កម្មករ​ខាងលើនេះ​បាន​ដឹក​កម្ម​ចេញ​ពី​រោងចក្រ​ត្រឡប់ទៅផ្ទះ​វិញ លុះ​ពេល​មកដល់​ចំណុចកើតហេតុ​ក៏​បាន​គេច​ពី រថយន្ត​មួយ​គ្រឿង​ទៀត​បណ្តាលអោយ​ក្រឡាប់​ធ្លាក់​ពី​ផ្លូវ​ចូល​ទឹក​ស្រះ តែម្តង ។​
​មកដល់​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ចំនួន​កម្មករ​រងរ​បួស​ធ្ងន់​ស្រាល​មាន ៣៩​នាក់ (​ប្រុស​ម្នាកក់​) មាន​ទូរលេខ​មិន​ប្រែប្រួល​ទេ ដែល​ពួកគាត់​ខ្លះ​បាន​ធូរស្រាល​ត្រឡប់​ទៅកាន់​លំនៅឋាន​វិញ​ហើយ តែ​ខ្លះទៀត​កំពុង​សម្រាក​ព្យាល​បាល​ក្នុង​មណ្ឌល​សុខភាព​ស្រុក​កំពង់ត្រឡាច និង​ស្រុក​ឧត្តុង្គ​ខេត្តកំពង់ស្ពឺ  ប៉ុន្តែ​គ្មាន​អ្នករបួសធ្ងន់​ដល់​ស្លាប់​ទេ ។​
​រថយន្ត​ដឹក​កម្ម​មាន​គ្រោះថ្នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ច​រាចរ​ណ៍ ស្ទូច​យក​មក​រក្សាទុក​នៅក្នុង​អធិកា​រដ្ឋា​នគរបាល​ស្រុក​កំពង់ត្រឡាច កសាង​សំណុំរឿង​ដើម្បី​រង់ចាំ​ការដោះស្រាយ​ជាមួយ​ម្ចាស់​រថយន្ត និង​កម្មករ​រងគ្រោះ​តាម​ផ្លូវច្បាប់ ៕​