តាកែវ៖ មនុស្សប្រុស ស្រី៤នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយ២នាក់រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ និង២នាក់ទៀត រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូ បីគ្រឿង បុកគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១៦: ៣០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើផ្លូវលេខ១២៩ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០-១១ ស្ថិតក្នុងភូមិស្នួលខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
មន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានឲ្យដឹងថា មុនពេលកើតហេតុមានសាក្សីបានឃើញ ម៉ូតូមួយគ្រឿងម៉ាកហុងដា សេ៥០គុបជ្រុង ពណ៌ទឹកប៊ិច ដោយមានជិះគ្នា៣នាក់ បានធ្វើដំណើរមកពីទិសខាងលិចទៅកើត រួចបត់ ឆ្វេង ស្របគ្នានោះក៏ត្រូវម៉ូតូមួយគ្រឿងម៉ាកហុង សេ៥០ គុបជ្រុង ពណ៌ទឹកប៊ិច បើកបរ ដោយនារីម្នាក់ ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នាពីកើតទៅលិច បានបុកយ៉ាងពេញទំហឹងបណ្តាលឲ្យម៉ូតូទាំងពីរគ្រឿងដួល ខណៈនោះក៏មានម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ក្រហម បើកបរដោយយុវជនម្នាក់ ដែលធ្វើដំណើរមកពីទិសខាងលិចទៅកើត បានមកបុកជាមួយនឹងម៉ូតូគុបជ្រុងទាំងពីរគ្រឿងដែលកំពុងដួល បណ្តាលឲ្យអ្នកបើកបរ និងអ្នកជិះរងរបួសធ្ងន់ ២នាក់ និងស្រាល ២នាក់ ។
មន្ត្រីនគរបាលចរាចរណ៍បានបន្តថា អ្នកបើរបរម៉ូតូម៉ាកគុបជ្រុង សេ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ រ-5056ភ.ព១ មានឈ្មោះ ច្រឹង ស៊ីនួន ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្នួលខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ រងរបួស្រាល និងអ្នករួមដំណើរ២នាក់ ទី១.ឈ្មោះ តាំង គឹមហ៊ួយ ភេទស្រី ៤៣ឆ្នាំ មុខរបរកសិករ រង របួសស្រាល និងទី២.ឈ្មោះ ស៊ន ស្រីនីត ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស រងរបួសធ្ងន់ អ្នកទាំងពីររស់នៅភូមិ-ឃុំជាមួយអ្នកបើកបរ ។ ចំណែកអ្នកបើកបរម៉ូតូម៉ាក គុបជ្រុង សេ៥០ ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ តាកែវ 1C-9248 មានឈ្មោះ ភឿង តុលា ភេទស្រី អាយុ ២២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកញ្ចាង ឃុំស្លា ស្រុកសំរោង ខេត្ត តាកែវ រងរបួសធ្ងន់ ។ រីឯម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ក្រហម សេរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BT-6652 បើកបរដោយឈ្មោះ ផុន សុភាព ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងវិហារ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ របួសស្រាល។
ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ លោកវរសេនីយ៍ទោ ជុំ ឈឿន អធិការនគរបាលស្រុកព្រៃកប្បាស បានចាត់តាំងកម្លាំងជំនាញស្រុក ចុះធ្វើការវាស់វែង បញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ និងធ្វើកំណត់ហេតុដកហូតវត្ថុតាងម៉ូតូទាំង៣គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីបំពេញបែបបទរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ៕

