ភ្នំពេញ ៖ ជនជាប់ចោទចំនួន២នាក់ ដែលត្រូវបានកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ ចាប់បញ្ជូនទៅកាន់ពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនោះ ហើយឆ្លៀតរត់គេចខ្លួនទាំងដៃជាប់ខ្នោះនោះ មកដល់រសៀលថ្ងៃដដែលនេះ ត្រូវកម្លាំងនគរបាលតាមចាប់បានត្រឡប់មកវិញហើយ ក្រោយពីធ្វើការឡោមព័ទ្ធអស់រយៈពេលជាច្រើនម៉ោងរួចមកនោះ។
មន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ក្រោយពីតុលាការចេញដីកាឃុំខ្លួនជនជាប់ចោទ២នាក់ ក្នុងចំណោម៤នាក់ ពាក់ព័ន្ធ និងបទល្មើសគ្រឿងញៀន និងលួចម៉ូតូ ដាក់ពន្ធនាគារនោះ កម្លាំងនគរបាលបានដឹកពួកគេទៅកាន់ពន្ធនាគារ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ប៉ុន្តែពេលបើករថយន្តដល់ផ្លូវ៣០ម៉ែត្រ ដែលមានជង្ហុកជ្រៅៗផងនោះ ធ្វើឲ្យជនជាប់ចោទទាំង២នាក់ មានឱកាសធាក់ទ្វាររថយន្តរត់គេចខ្លួនទាំងដៃជាប់ខ្នោះ នៅក្នុងបរិវេណ បូរីសន្តិភាព២។ ក្រោយមានករណីនេះកើតឡើងកម្លាំងនគរបាលជាច្រើននាក់ បានទៅឡោមព័ទ្ធអស់រយៈពេលជាច្រើនម៉ោង រហូតតាមចាប់មកវិញ នៅក្នុងភូមិដំណាក់ត្រយឹង នារសៀលថ្ងៃទី១៤ ខែវិច្ឆិកាដដែល។
គួរបញ្ជាក់ថា មនុស្សចំនួន៤នាក់ ក្នុងនោះមានស្រីម្នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ចោមចៅ ចុះប្រតិបត្តិការបង្ក្រាបចាប់ឃាត់ខ្លួនបានជនសង្ស័យជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរប្រើប្រាស់គ្រឿងញៀន និងជាប់ពាក់ព័ន្ធទៅនឹងករណីកាច់សោ ក ម៉ូតូទៀតផង ខណៈដែលជនសង្ស័យទាំងនេះ កំពុងសម្ងំលាក់ខ្លួនក្នុងផ្ទះជួល។ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង១:៣០នាទី រសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅបន្ទប់ជួលលេខ១ បុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទាំង៤នាក់ ទី១.ឈ្មោះ សំ សក្កណា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ទី២.ឈ្មោះ ឱក រ៉ូបាន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុ, ទី៣.ឈ្មោះ សម្បត្តិ កែវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងបុរីសន្តិភាព២, ទី៤.ឈ្មោះ សុខ ចន្ថា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុ។ ក្រៅពីឃាត់ខ្លួនបានជនសង្ស័យទាំង៤នាក់ សមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀន ចំនួន៧កញ្ចប់ (ធំ២កញ្ចប់ តូច៥កញ្ចប់) ឧបករណ៍សម្រាប់ជក់គ្រឿងញៀន ថង់សម្រាប់ច្រកគ្រឿងញៀន ឧបករណ៍សម្រាប់កាច់សោកម៉ូតូ និងសម្ភារមួយចំនួនទៀត ៕
