ភ្នំពេញ ៖ ហេតុការណ៍គ្រោះអគ្គិភ័យមួយបានកើតឡើងទាំងកណ្តាលថ្ងៃត្រង់ បណ្តាលឲ្យឆាបឆេះតូបស្នាក់នៅរបស់យាយជីក្នុងវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចំនួន១តូបខ្ទេចទាំងស្រុង និងតូបស្នាក់នៅចំនួន២តូបទៀត រងការខូចខាត កាលពីវេលាម៉ោង១:១០នាទី រសៀលថ្ងៃទី ១៦ ខែវិច្ចិកា ឆ្នាំ២០១៥។តាមប្រភពព័ត៌មានពីយាយជីដែលស្នាក់នៅក្នុងវត្តស្ទឹងមានជ័យ បានឲ្យដឹងថា តូបស្នាក់នៅដែលរង់ការឆាបឆេះខ្ទេចទាំងស្រុងនោះ គឺតូបលេខ១៤ មានម្ចាស់ស្នាក់នៅឈ្មោះ ចាន់ ស្រីកែវ ភេទស្រី អាយុ៣០ឆ្នាំ ហើយមុនពេលកើតហេតុគេឃើញតូបស្នាក់នៅនេះ បានបិទទ្វារចោលដោយពុំមានមនុស្សនៅក្នុងតូបឡើយ លុះដល់ម៉ោង១រសៀល ស្រាប់តែប្រជាពលរដ្ឋ និងព្រះសង្ឃបានឃើញផ្សែងហុយចេញពីក្នុងវត្តស្ទឹងមានជ័យ ក៏បានមកមើលឃើញអណ្តាតភ្លើងកំពុងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅចេញពីតូបលេខ១៤។ ភ្លាមៗនោះ ព្រះសង្ឃក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីសុំការអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យនេះ។ ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាមៗអាជ្ញាធរមូលដ្ឋានបានសហការជាមួយកងកម្លាំងបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាឡានទឹក ចំនួន ៦គ្រឿង ចុះមកបាញ់ទឹកពន្លត់អណ្តាតភ្លើងដែលកំពុងឆេះ ប៉ុន្តែជុំវិញការអន្តរាគមន៍បាញ់ពន្លត់ខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួនតែ២ឡានប៉ុណ្តោះ ក៏ទប់ស្កាត់ និងពន្លត់អគ្គិភ័យរលត់សូន្យសុងទៅវិញភ្លាមៗ។
ជុំវិញទំហំខូចខាតក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ សមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់ទេ ដោយសារកំពុងសួរនាំ ប៉ុន្តែសមត្ថកិច្ចបានឲ្យដឹងថា តូបមួយខ្នងដែលធ្វើអំពីឈើ ប្រកស័ង្កសី ត្រូវឆេះម៉ត់ទាំងស្រុង ចំណែក២តូបទៀត ក៏រងការខូចខាតផងដែរ ហើយជាការសន្និដ្ឋានរបស់សមត្ថកិច្ច និងអាជ្ញាធរ គឺអគ្គិភ័យនេះកើតឡើងមកពីឆ្លងចរន្តអគ្គិសនី ព្រោះពេលកើតហេតុម្ចាស់តូបមិននៅទេចាក់សោរទ្វារចោល ៕

