ពោធិ៍សាត់ ៖ រថយន្តដឹកទំនិញមួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច មកដល់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦៦-១៦៧ ម្តុំស្ពានអូរតាមាស ស្ថិតក្នុងភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានក្រឡាប់ដាំក្បាលចូលស្រះខាងជើងផ្លូវជាតិ កាលពីវេលាម៉ោង៤:៣០នាទី ទៀបភ្លឺថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥។
បើតាមការរៀបរាប់របស់អ្នកបើកបររថយន្តឈ្មោះ ញីម ថន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិទ្រាំ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពុងឆ្នាំង បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ និងអ្នករួមដំណើរ៣នាក់ទៀត បានបើករថយន្តម៉ាកពុយហ្សូ ពណ៌ខៀវ ពាក់ស្លាកលេខបាត់ដំបង3A0791 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងលើ បានវាក់និងរថយន្តធុនធំដឹកស្រូវ១គ្រឿង ហើយគេចក៏ជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ចូលស្រះតែម្តង។
បើតាមការឲ្យដឹងពីសមត្ថកិច្ចនគរបាល លោកវរសេនីយ៍ត្រី ឯម រុន អធិការស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា ចំពោះករណីនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ គ្រាន់តែខូចខាតរថយន្ត និងសម្ភារមួយចំនួនប៉ុណ្ណោះ ៕


