Monday, November 16, 2015

បញ្ជូន​កូនប្រុស សម្លាប់​ឳ​ពុក​ខ្លួនឯង ទៅកាន់​តុលាការ​

បន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដែល​វាយ​សម្លាប់​ឳ​ពុក​ខ្លួនឯង កាត់​ដៃ​កាត់​ជើង កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ត្រូវបាន​កម្លាំង​នគរបាល​ចាប់​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​នោះ​ហើយ ។ ក្រោយ​ពី​ជនល្មើស​ជា​ឃាតករ​មានឈ្មោះ ហ៊ាង កូយ អាយុ​៣៣​ឆ្នាំ ត្រូវបាន​កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព​វាយ​សម្លាប់​ឳ​ពុក​មានឈ្មោះ មួន ហ៊ាង អាយុ​៥៩​ឆ្នាំ កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​បឹង​សិលា ឃុំ​ចង្ហា ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ។​
​សូមបញ្ជាក់​ថា នៅ​ចំណុច​ភូមិ​ឃុំ​ខាងលើ​កាលពី​ថ្ងៃ​ចុង​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ កូនប្រុស​អកត្តញូ​ម្នាក់​បានធ្វើ​សកម្មភាព​យក​ដំបង​ឈើជ្រុង​វាយ​សម្លាប់ឳពុក​ខ្លួនឯង ហើយ​ថែមទាំង​យក​កាំបិត​កាត់​ដៃ និង​ជើង​របស់​ជនរងគ្រោះ​បន្ទាប់ពី​ជនរងគ្រោះ​ជា​ឳ​ពុក​បាន​ស្តីឲ្យ​ជនល្មើស​ជាកូន​ថា​អា​ឆ្កួត ។​
​លោក​វរសេនីយ៍ត្រី ឆេង​អ៊ី សុខា អធិការនគរបាល​ស្រុក​អូរជ្រៅ​ប្រាប់ឲ្យដឹង​ថា មុនពេល​កើតហេតុ​បុរសរងគ្រោះ​បាន​វាយ​រនាប​ប្ញ​ស្សី​ដើម្បី​ធ្វើ​ជញ្ជាំង​បិទបាំង​កន្លែង​កូន​ជា​ល្មើស ឲ្យ​ដេក ។ នៅពេល​នោះ​ស្រាប់តែ​ជនរងគ្រោះ​បាន​ដើរ​ទៅ​ក្បែរ​ជនរងគ្រោះ​កំពុង​ដេក​ក្រោមផ្ទះ ហើយ​ឃើញ​កូន​កំពុង​ដេក​ឳ​ពុក​ក៏ស្តីប​ណ្តូ​សកូន​រូប​នោះ​ថា​អា​ឆ្កួត​ខ្ជិល​ណាស់ ។ ក្រោយ​ពីស្តី​ឲ្យ​កូន​រួចហើយ ជនរងគ្រោះ ក៏​មក​វាយ​រនាប​ប្ញ​ស្សី​ធ្វើ​ជញ្ជាំង​បន្ត បន្ទាប់​មក​ដោយ​ជនល្មើស​ជា​កូន​បាន​ខឹង​ឳ​ពុក​ស្តី​បណ្តូសក៏​ដើរ​មក​ពី​ក្រោយ​ស្ងាត់ៗ​យក​ឈើ​ជ្រុង​វាយ​ឳ​ពុក​ត្រូវ​ចំ​ក្បាល​ពីក្រោយ​បណ្តាលឲ្យ​ស្លាប់​មួយ​រំពេច ។ នៅពេល​នោះ​កូនប្រុស​រូប​នោះ​ក៏​បាន​យក​កាំបិត​និង​ពូថៅ កាត់​ដៃ​កាត់​ជើង​ទាំង​២​របស់​ជនរងគ្រោះ​ថែមទៀត​ផង ។ ក្រោយពី​មាន​ហេតុការណ៍​បែប​នោះ​ភ្លាម​ជនល្មើស​បាន​រត់គេចខ្លួន ហើយ​ក៏​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្ថិ៍​ឃុំ​ចង្ហា និង​ប្រជាពលរដ្ឋ នាំគ្នា​ដេញ​ចាប់​ឃាត់ខ្លួន បញ្ជូន​មក​កាន់​ង​ធិ​ការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​យក​មក​ចាត់ការ​តាម នីតិវិធី​ច្បាប់ ។​
​លោក​អធិការនគរបាល​ស្រុក​អូរជ្រៅ ប្រាប់​ឲ្យដឹង​ទៀតថា ជនល្មើស​ហាក់បីដូចជា​មនុស្ស​បាត់បង់​សតិ ក៏ប៉ុន្តែ​ជនល្មើស​គ្មាន​លិខិត​បញ្ជាក់​ពី​គ្រូពេទ្យ​ថា​ជា​មនុស្ស​ឆ្កួត​នោះឡើយ ។​
​ក្រុមគ្រួសារ​សព កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦  ក៏​ត្រូវបាន​លោក​ឧត្តមសេនីយ៍ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បាន​ចុះ​ទៅ​សាកសួរ​សុខទុក្ខ និង នាំយក​អំណោយ​មួយចំនួន​ធំ​ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​សព​នោះ ផងដែរ ៕​