ភ្នំពេញ៖ ជនជាតិចិន ១៦៨នាក់ ស្រី ១៩នាក់ ត្រូវបានអាជ្ញាធរ កម្ពុជា សហការជាមួយនគរបាលព្រហ្មទណ្ឌ នៃក្រសួងសន្តិសុខសាធារណៈចិន បានធ្វើការ ចាប់បញ្ជូនចេញពីកម្ពុជា ដើម្បីឲ្យទៅអនុវត្តន៍ទោសនៅប្រទេសចិន បន្ទាប់ពីអ្នកទាំងនោះ ត្រូវបានអាជ្ញាធរកម្ពុជារកឃើញថា បានយកទឹកដីកម្ពុជាក្នុងការប្រព្រឹត្តិបទល្មើសគំរាមកំហែងជំរិតទារប្រាក់តាមប្រព័ន្ធទូរស័ព្ទទៅលើប្រជាជនខ្លួនដែលរស់នៅឯប្រទេសចិន ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ថា នគរបាលចិនបានបញ្ជូនយន្តហោះផ្ទាល់ខ្លួន ពីរគ្រឿង ដើម្បីមកដឹកជញ្ជូនជនជាតិចិនអន្តោប្រវេសន៍ទាំងនោះចេញពី ទឹកដីកម្ពុជា ក្រោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ ធ្វើប្រកាសបណ្តេញជនជាតិចិនទាំងនោះ ចេញពីកម្ពុជា ។
ឯកឧត្តម បានបន្តថា ឧក្រិដ្ឋជនជាតិទាំង ១៦៨នាក់នេះ បានចូលមកស្នាក់នៅកម្ពុជាដើម្បីមកប្រព្រឹត្តិបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធទូរស័ព្ទនេះ គឺមានលក្ខណៈមិនស្មើគ្នានោះទេ អ្នកខ្លះស្នាក់នៅ ៥ ខែ ៦ខែ ៨ខែ និង១ឆ្នាំជាដើម ។ ការឈានទៅចាប់ ជនបរទេសអន្តោប្រវេសន៍ចិននេះ គឺអាជ្ញាធរកម្ពុជា ដោយមានកិច្ចសហការពីនគរបាលចិន ដើម្បីមកធ្វើការត្រួតពិនិត្យលើប្រព័ន្ធបច្ចេកទេសដែលឧក្រិដ្ឋជននោះបានប្រើក្នុងការជំរិតទារប្រាក់ ។ ឯកឧត្តម បញ្ជាក់ថា សមត្ថកិច្ចកម្ពុជា សហការជាមួយភាគីចិន កំពុងសហការគ្នាក្នុងការវែកមុខមេខ្លោងនៃការប្រព្រឹត្តិបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធទូរស័ព្ទ ដើម្បីយកមកកាត់ទោសឲ្យបាន ។
មន្ត្រីជាន់ខ្ពស់ព្រហ្មទណ្ឌនៃក្រសួងសន្តិសុខសាធារណៈចិន បានមានប្រសាសន៍ថា ឧក្រិដ្ឋជនទាំង១៦៨នាក់នេះ នឹងត្រូវយកទៅអនុវត្តទោសនៅប្រទេសចិន ស្របទៅតាម ទង្វើដែលពួកគេបានប្រព្រឹត្តបទល្មើសឧក្រិដ្ឋនៅលើទឹកដីកម្ពុជា ។ ប៉ុន្តែទោសដែលត្រូវ ជាប់ពន្ធនាគារនោះ គឺលោកមិនទាន់អាចជម្រាបបានទេ អាស្រ័យទៅលើតុលាការចិន អ្នកសម្រេច ។
លោក ក៏បានបង្ហាញនូវការអរគុណចំពោះសមត្ថកិច្ចកម្ពុជាក្នុងការសហការជាមួយភាគី ចិន ដែលនាំទៅរកឃាត់ខ្លួនឧក្រិដ្ឋជនទាំងនោះយកមកកាត់ទោសផងដែរ ។ ចិននៅតែបន្តសហការជាមួយកម្ពុជាក្នុងការទប់ស្កាត់ និងបង្ក្រាបចំពោះបទល្មើសឧក្រិដ្ឋទាំងនោះថែមទៀត ៕

