Tuesday, November 10, 2015

បុរស​ម្នាក់បានស្លាប់ ពេលដែល​ស៊ីទែន​ប្រេង​ត្រាក់ទ័រកៀបក្បាលជាប់​

ពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយ​ក្បាល​របស់​គាត់​បាន​គៀប​ជាប់​នឹង​ប្រេង​ត្រាក់ទ័រ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​នៅ​វេលា​ម៉ោង​១៣:០០​នាទី ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ។​
​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ភា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​កោះដាច់ ខេត្ត​កណ្តាល បាន​មក​ស្នាក់នៅ​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាលវែង ប្រកប​មុខរប​របើក​ត្រាក់ទ័រ​ភ្ជួរ​ចំការ ។​
​នៅ​មុនពេល​កើត ខណៈ​ដែល​ជនរងគ្រោះ​បាន​បញ្ឆេះ​ត្រាក់ទ័រ បម្រុង​ទៅ​ភ្ជួរ​ដី លុះ​ត្រាក់ទ័រ​ដំណើរការ ជនរងគ្រោះ​មិន​បាន​ឡើង​ពី​មុខ​ដើម្បី​បញ្ជា​ត្រាក់ទ័រ​នោះឡើយ បែរ​ជា​ឡើង​ពីក្រោយ​លូកដៃ​ទៅ​កាច់ ប្រដាប់​បញ្ជា​នង្គ័ល​ត្រាក់ទ័រ ស្រាប់តែ​គៀប​ជាប់​ក្បាល​នឹង​ធុង​ប្រេង ស្លាប់​តែ​ម្តង ។​
​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយពេល​កើតហេតុ​បាន​ធ្វើ​កំណត់ហេតុ ប្រគល់​សាកសព​ជនរងគ្រោះ​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​