Thursday, February 12, 2015

រថយន្ត​បុក​ម៉ូតូ​ស្លាប់​មនុស្ស​ចំនួន​២​នាក់​ភ្លាមៗ​នៅ​និង​កន្លែង ក្នុង​ស្រុក​អូរជ្រៅ​


ខេត្ត​បន្ទាយមានជ័យ​៖ យុវជន​២​នាក់ បាន​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោច​អាធ​ម៍ នៅ​នឹង​កន្លែងកើតហេតុ ដោយ​រថយន្ត​ម៉ាក​កា​មា​រី បុក​ជាមួយ​ម៉ូតូ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរឲ្យ​រន្ធត់​នេះ បាន​កើតឡើង នៅវេលា​ម៉ោង ២២​និង​០០​នាទី​យប់ ពាក់កណ្តាល​អាធ្រា​ត ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ខាងលិច​វិទ្យាល័យ​កូប​ចម្ងាយ​១០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ណា​កា​ឆាយ ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ។​
​លោក​វរសេនីយ៍ត្រី ឆេង អ៊ី​សុខា អធិការនគរបាល​ស្រុក​អូរជ្រៅ បាន​ប្រាប់ឲ្យដឹង​ថា ជនរងគ្រោះ​ទាំង​២​នាក់ ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ គឺ​ម្នាក់​ឈ្មោះ សាន ចិត្ត ភេទ​ប្រុស​អាយុ​២៥ មាន​ទីលំនៅ​ខេត្ត​បាត់ដំបង ត្រូវបាន​ប្រគល់ឲ្យ​ក្រុមគ្រួសារ យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ និង​ម្នាក់​ទៀត​ឈ្មោះ វង្ស ភេទ​ប្រុស អាយុ​២០​ឆ្នាំ គេ​ពុំ​ទាន់​ដឹង​ពី​ទីលំនៅ នៅឡើយ​ទេ មកទល់ពេលនេះ សាកសព​ត្រូវបាន​តម្កល់ទុក នៅ​វត្ត​រតនា​រាម​សូរិយា រងចាំ​សាច់ញាតិ​មករក ហើយ​អ្នក​ស្លាប់​ទាំង​២​នាក់​នេះ គេ​នៅ​មិន​ទាន់​ច្បាស់​ថា អ្នកណា​ជា​អ្នកបើកបរ​ម៉ូតូ​នោះទេ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លា​លេខ កណ្តាល 1D.2203 ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ចំណែក​រថយន្ត​ម៉ាក​ការ​មា​រី ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ បើកបរ​ពី​កើត​ទៅ​លិច​បញ្ច្រាសទិស​គ្នា អ្នកបើកបរ​មិនទាន់​បាន​គេ​ស្គាល់ឈ្មោះ​ទេ ។ ព្រោះ​ពេល​ដែល​កើតហេតុ គេ​ឃើញ​មាន​មនុស្ស​ចំនួន​២​នាក់ បាន​ចេញ​ពី​រត់​រថយន្ត គឺ​ម្នាក់​ឈ្មោះ ប៊ុន ទ័​រ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ និង​ម្នាក់​ទៀត ឈ្មោះ ប៊ុន ឈាន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ចក សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ទីនោះ ចាប់​ឃាត់​ឲ្យ​សមត្ថកិច្ច តែ​ជន​ទាំង​២​នាក់​នោះ ពួកគេ​បាន​បដិសេធថា ពួក​ខ្លួន​មិន​មែន​ជា​អ្នកបើកប​រថយន្ត​នោះឡើយ ។​
​លោក​អធិការ​បាន​បញ្ជាក់ថា ប៉ុន្តែ​ជន​ទាំង​២​នាក់​នេះ ដោយ​មាន​ការសម្របសម្រួល​ពី លោក ឡុង ជាប ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ សមត្ថកិច្ច​នគរបាល​ស្រុក​ឃាត់​ខ្លួន ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរជ្រៅ ដើម្បី​ធ្វើការ​សួរនាំ​រក​មុខសញ្ញា អ្នកបើកបរ​ឲ្យ​ពិតប្រាកដ ។ ចំពោះ​មូលហេតុ ដែល​បង្ក​ឲ្យ​គ្រោះថ្នាក់​នោះ កម្លាំង​នគរបាល​ជំនាញ កំពុង​ធ្វើ​ការស្រាវជ្រាវ រី​ឯ​វត្ថុតាង​បង្ក​គ្រោះថ្នាក់ ម៉ូតូ​ខូច​ធ្ងន់ រថយន្ត​ខូច​ផ្នែក​ខាង​មុខ​ធ្ងន់ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​ស្រុក យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ផង​ដែរ ៕ រក្សា​