Thursday, February 12, 2015

កម្លាំង​នគរបាល​ស្រុក​ភ្នំស្រុក បង្ក្រាប​ចាប់​ឃាត់ខ្លួន អ្នកនេសាទ​ប្រើ ឧបករណ៍​ខុសច្បាប់

 ខេត្ត​បន្ទាយ​មានជ័យៈ កម្លាំង​នគរបាល​ស្រុក​ភ្នំស្រុក​ចំនួន ១២​នាក់ បាន​ចុះ​បង្ក្រាប​ករណី អ្នកនេសាទ​ដោយ​ប្រើ​ឧបករណ៍ ដែល​ច្បាប់​ហាមឃាត់​ចំនួន ៣​នាក់ នៅវេលា​ម៉ោង ១០​និង​៣០​នាទី ព្រឹក ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ ចំណុច អូរ​ក្រោល ខាងលិច​ចម្ងាយ​២.០០០​ម៉ែត្រ ពី​ភូមិ​រោគ ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក ស្ថិតក្នុង ភូមិសាស្ត្រ ភូមិ​គោក​ទៀម ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ។​
​តាម​ប្រភព​ព័ត៌មាន​ពី លោក​វរសេនីយ៍ត្រី ភឹម ភឿង អធិការ​ស្តីទី បានឲ្យដឹងថា បន្ទាបពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ លោក​បាន​ចាត់​ឲ្យ​លោក អនុសេនីយ៍ឯក ឡុង ដឿម អធិការរង ដឹកនាំ​កម្លាំង​នគរបាល​ស្រុក សហការ​ជាមួយ​កម្លាំង នគរបាល​ប៉ុស្តិ៍​ស្ពាន​ស្រែង សរុប​ចំនួន ១២​នាក់ បាន​ចុះ​ទៅ​ធ្វើ​ការបង្ក្រាប​ជនសង្ស័យ​បាន​ចំនួន ៣​នាក់ ។​ទី​១​មាន ឈ្មោះ យ៉ាន់ យ៉​ន ភេទ ប្រុស អាយុ ៦៨​ឆ្នាំ ,​ទី​២​មាន ឈ្មោះ ពេញ ព​ន់ ភេទ ប្រុស អាយុ ៥៥​ឆ្នាំ ,​ទី​៣​មាន ឈ្មោះ ហម ហាត ភេទ ប្រុស អាយុ ៣៥​ឆ្នាំ អ្នក​ទាំង​៣​នាក់ រស់នៅ ភូមិ​គោក​ទៀម ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ដែល​ប្រើប្រាស់​នូវ​ឧបករណ៍ នេសាទ​ខុសច្បាប់ ដូចជា​អួន​ក្រឡា​ញឹក នៅក្នុង​នោះ​មាន អូរ​ក្រោល ខាងលិច​ចម្ងាយ ២.០០០​ម៉ែត្រ ពី​ភូមិ​រោគ ឃុំ​ស្ពាន​ស្រែង ក្នុង​ភូមិសាស្ត្រ ភូមិ​គោក​ទៀម ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ។ ក្នុង​ការចុះ​បង្ក្រាប​នេះ កម្លាំង​នគរបាល​យើង​បាន​ធ្វើការ ដកហូត​អួន​ក្រឡា​ញឹក ដែល​មាន​ប្រវែង​៧០ ម៉ែត្រ រួម​ទាំង​គោយន្ត​កន្ត្រៃ ១​គ្រឿង​។ ចំពោះ​ជនសង្ស័យ​ទាំង​៣​នាក់ រួម​ទាំង​គោយន្ត​ន្ត្រៃ យើង​បាន​ធ្វើ​ការប្រគល់​ជូន កម្លាំង​នគរបាល​ប៉ុស្តិ៍​ទឹកជោរ ព្រោះ​អូរ​នោះ​នៅក្នុង ភូមិសាស្ត្រ​ឃុំ​ទឹក​ជោរ ដោយឡែក​ចំពោះ​អួន​គឺ​នគរបាល​ស្រុក​ភ្នំស្រុក ដកហូត​យក​មក​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។​
​បច្ចុប្បន្ននេះ លោក​វរសេនីយ៍ត្រី មាស ប្ញ​ទ្ធី អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ បានបញ្ជាក់​ថា​៖ ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​លោក​បាន​ចាត់​ឲ្យកម្លាំង នគរបាល​ប៉ុស្តិ៍​ទឹក​ជោរ ធ្វើការ​អប់រំ​ណែនាំ និង​ធ្វ​កិច្ចសន្យា​បញ្ឈប់ មិន​ឲ្យ​ប្រព្រឹត្តជា​លើកក្រោយ​ទៀត​ទេ ចំពោះ​ការ​ឧបករណ៍​នេសាទ ដែល​ច្បាប់​ហាមឃាត់ រួច​ឲ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​៕