ម៉ិចស៊ីកូ ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ចំនួនមនុស្សសា្លប់ដោយសារគ្រោះរញ្ជួយដី កម្រិត៨.១រ៉ិចទ័រ ដែលបានវាយប្រហារមកលើតំបន់ឆ្នេរភាគខាងត្បូង នៃប្រទេសម៉ិចស៊ីកូ កាលពីថ្ងៃ៧ កញ្ញា កន្លងទៅ បានកើនដល់៩០នាក់ហើយ ខណៈមនុស្ស២០០នាក់បានរងរបួស និងជិតមួយលាននាក់គ្មានអគ្គិសនីប្រើប្រាស់។
អាជ្ញាធរម៉ិចស៊ីកូ បានថ្លៃងថា គ្រាន់តែនៅក្នុងរដ្ឋ Oaxaca តែមួយគត់ មានមនុស្ស៧១នាក់ បានស្លាប់ និង១៥នាក់ នៅក្នុងរដ្ឋ Chiapas រីឯ៤នាក់ផ្សេងទៀត នៅរដ្ឋ Tabasco។ ដោយឡែកក្រៅតែពីបានផ្ដាច់យកអាយុជីវិតមនុស្ស គ្រោះរញ្ជួយដីដ៏ប្រល័យនេះ ក៏បានបំផ្លាញទាំងស្រុង អគារជាង៤០០ខ្នង និងប្រមាណ១,៧០០ខ្នងទៀត បានទទួលរងការខូចខាត ព្រមទាំងធ្វើឲ្យប្រជាជនជិតមួយលាននាក់ គ្មានអគ្គិសនីប្រើប្រាស់ផងដែរ។
ប្រធានាធិបតីម៉ិចស៊ីកូ លោក Enrique Pena Nieto បានប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃ នៅទូទាំងប្រទេស ស្របពេលព្យុះ Hurricane Katia បាននិងកំពុងវាយប្រហារលើតំបន់ឆ្នេរភាគខាងកើតកាលពីថ្ងៃទី៩ កញ្ញា មុននឹងវាប្រែក្លាយជាព្យុះត្រូពិចវិញ ក៏ប៉ុន្តែក្រុមអាជ្ញាធរព្រួយបារម្ភថា ព្យុះមួយនេះ អាចនឹងបង្កជាគ្រោះរអិលបាក់ដី និងទឹកជំនន់។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) វាមានកម្រិត៨.១រ៉ិចទ័រ គឺខ្លាំងក្លាជាងគេបង្អស់ប្រចាំប្រវត្តិសាស្ត្រម៉ិចស៊ីកូ ក្នុងអំឡុងពេលមួយសតវត្សរ៍កន្លងទៅនេះ ដោយកម្រិតរញ្ជួយរបស់វាធំជាងគ្រោះរញ្ជួយដី កាលពីឆ្នាំ១៩៨៥ ដែលបានឆក់យកជិវិតមនុស្សយ៉ាងតិច ៥,០០០នាក់ នៅតាមបណ្តារដ្ឋចំនួន៤ របស់ម៉ិចស៊ីកូទៅទៀត។ គ្រោះរញ្ជួយដីនេះមានជម្រៅ ៣៣គីឡូម៉ែត្រ ក្រោមផ្ទៃសមុទ្រនៅចម្ងាយ ១២៣គីឡូម៉ែត្រ ភាគនិរតីពីទីក្រុង Pijijiapan នៃរដ្ឋ Chiapas ហើយ មកទល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះនៅតែបន្តការងាររបស់ពួកគេនៅឡើយ៕