Saturday, September 2, 2017

ថវិកាណាហ្គា​វើ​លចំណាយ​អស់ ៥០​លាន​រៀល ​លើ​កីឡាករ កីឡាការិនីកម្ពុជា ទទួលបានមេដាយមាស

​​
រាជធានីភ្នំពេញ៖ ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ ប្រទេស​ម៉ាឡេស៊ី ​បាន​ចប់​ជា​ស្ថាពរ​ កាលពី​ថ្ងៃទី​៣០ សីហា កន្លង​ទៅ ដោយ​កម្ពុ​ជាទ​ទួលបាន​មេដាយមាស​៣ ប្រាក់​២ និង​សំរឹទ្ធ​១២ ក្នុងចំណោម​កីឡា​ទាំង​២៤​ប្រភេទ ​ដែល​កម្ពុជា​ឲ្យ​ចូលរួម​។ តាមរយៈ​ជ័យជម្នះ​នេះ ណាហ្គា​វើ​ល ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៥០​លាន​រៀល ​សម្រាប់​យុទ្ធនាការ​ឆ្ពោះទៅរក​មេដាយមាស ​«Go For Gold Medal» ​របស់ខ្លួន​។
​ដូច​ការសន្យា​មុនពេល​ចេញទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ​ប្រទេស​ម៉ាឡេស៊ី ​កាលពី​កន្លង ទៅ​នៅ​ព្រឹក​ថ្ងៃទី​១ កញ្ញា ណាហ្គា​វើ​ល​បានរៀបចំ​កម្មវិធី​ ប្រគល់​កម្មវិធី​រង្វាន់​លើកទឹកចិត្ត ​ដល់​អត្ត​ព​លិ​កលើ​៣​ប្រភេទ​កីឡា ​ដែល​ឈ្នះ​មេដាយមាស​។ ក្នុងនោះ​មេដាយមាស ​របស់​កីឡាការិនី ស៊ន សៀវ​ម៉ី ដែល​យកឈ្នះ​កីឡាការិនី​ហ្វីលីពីន Kirstie Elaine Alo ១៣-៦ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លើ​វិញ្ញាសា​កីឡា​តេ​ក្វាន់​ដូ​ទទួលបាន ​៣​ពាន់​ដុល្លារ​។ ​កីឡាករ​គុន​ខ្មែរ ឃីម ឌី​ម៉ា ដែល​យកឈ្នះ​កីឡាករ​ថៃ Chonlawit Freedasak ដោយ​ពិន្ទុ ២៩-២៨ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ ដើម្បី​ឈ្នះ​មេដាយមាស​ ទទួលបាន​ ៣​ពាន់​ដុល្លារ ខណៈ​មេដាយមាស​កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ លើ​វិញ្ញាសា​ប៉េតង់​វាយ​គូ​នារី ​ដែល​យកឈ្នះ​ថៃ ១៣-១០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទទួលបាន​ ៥​ពាន់​ដុល្លារ​។ ​ដោយឡែក គណៈកម្មាធិការ​ជាតិ​អូឡាំពិក ​ដែល​ណាហ្គា​វើ​ល​សន្យា​ឧបត្ថម្ភ​ ៥០០​ដុល្លារ​ សម្រាប់​មេដាយមាស​១​លើ​ប្រភេទ​កីឡា​នីមួយៗ​ទទួលបាន ​១,៥០០​ដុល្លារ​។
សរុប​ជារួម​យុទ្ធនាការ​ឆ្ពោះទៅរក​មេដាយមាស ​«Go For Gold Medal» ​របស់​ណាហ្គា​វើ​ល ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជា​៥០​លាន​រៀល​៕