ក្រុមអត្តពលិករបស់ថៃ ទទួលបានចំណាត់ថ្នាក់លេខ២ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៧ នៅទីក្រុងកូឡាឡាំពួ ដោយទទួលបានមេដាយមាស៧២ ប្រាក់៨៦ និងសំរឹទ្ធ៨៨។
បើតាមកាសែតបាងកកប៉ុស្តិ៍ចុះផ្សាយនៅថ្ងៃទី១ កញ្ញានេះ ក្រោមគម្រោងប្រាក់រង្វាន់សម្រាប់ការអភិវឌ្ឍកីឡាថ្នាក់ជាតិ របស់រដ្ឋាភិបាលថៃ ដើម្បីផ្តល់ជូនក្រុមអត្តពលិកដែលឈ្នះមេដាយ ពីកីឡាស៊ីហ្គេមលើកនេះ ម្ចាស់មេដាយមាសនឹងទទួលបានប្រាក់ ២០០.០០០បាត ប្រមាណ៦ពាន់ដុល្លារ មេដាយប្រាក់ ១០០.០០០បាត ប្រមាណ ៣ពាន់ដុល្លារ និងមេដាយសំរឹទ្ធ ៥០.០០០បាត ប្រមាណ ១៥០០ដុល្លារ ដែលប្រាក់រង្វាន់នេះ នៅមិនទាន់គិតពីការទទួលបានពីការឧបត្តម្ភផ្ទាល់ខ្លួន របស់ពួកគេនោះទេ។
ប៉ុន្តែសម្រាប់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិថៃ ដែលឈ្នះមេដាយមាសវិញ្ញាសាបាល់ទាត់បុរស ពីព្រឹត្តិការណ៍ការកីឡាប្រចាំតំបន់អាស៊ាននេះ ទទួលបានប្រាក់រង្វាន់ ១៦លានបាត ប្រហែលជិត ៥ម៉ឺនដុល្លារ ដែលទទួលបានប្រាក់ច្រើនជាងកីឡាករក្នុងវិញ្ញាសាផ្សេងៗ ចំណែកគ្រូបង្វឹក និងប្រតិភូដែលដឹកនាំអត្តពលិក ឲ្យទទួលបានជោគជ័យ ក៏នឹងទទួលបានប្រាក់រង្វាន់រៀងៗខ្លួនផងដែរ។ សរុបទៅមូលនិធិអភិវឌ្ឍន៍កីឡាជាតិរបស់ថៃ ត្រូវណាយប្រាក់សរុបទាំងអស់ រហូតដល់ ១២៤លានបាត ប្រមាណ ៣.៧៤ លានដុល្លារអាមេរិក។
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា នឹងធ្វើជាអធិបតីក្នុងពិធីស្វាគមន៍គណៈប្រតិភូកីឡាថៃ នៅឯវិមានរដ្ឋាភិបាល៕