Tuesday, August 22, 2017

លោក Vũ Đức Đam៖ ដាស់តឿន​ឲ្យ​រដ្ឋបាល​រដ្ឋធានី​ហាណូយ ​បង្កើន​ការត្រួតពិនិត្យ និង​ស៊ើបអង្កេត​លើ​សុវត្ថិភាព​ចំណីអាហារ


វៀតណាម៖ ​លោក Vũ Đức Đam ឧបនាយករដ្ឋមន្ត្រី​វៀតណាម បាន​ដាស់តឿន​ឲ្យ​រដ្ឋបាល​រដ្ឋធានី​ហាណូយ ​បង្កើន​ការត្រួតពិនិត្យ និង​ស៊ើបអង្កេត​លើ​សុវត្ថិភាព​ចំណីអាហារ ក៏ដូចជា​លើកកម្ពស់​សុវត្ថិភាព ​នៃ​ផលិតផល​កសិកម្ម​ផងដែរ​ ហើយក៏បាន​ទទូច​ឲ្យ​ពលរដ្ឋ​វៀតណាម ចូលរួម​សហការ​ដើម្បី​ឲ្យ​យុទ្ធនាការ​នេះ កាន់​តែមាន​ប្រសិទ្ធភាព ។
​​ការដាក់​ដំណើរការ​កម្មវិធី  ​សុវត្ថិភាព​ចំណីអាហារ​ ​នៅ​ចុង​សប្តាហ៍​មុន ​នៅក្នុង​រដ្ឋធានី​ហាណូយ លោក​ឧបនាយករដ្ឋមន្ត្រី បានស្នើ​ឲ្យរដ្ឋបាល​ក្រុង​ហាណូយ ពិចារណា​បញ្ហា​សុវត្ថិភាព​ចំណីអាហារ​ជា​គោលនយោបាយ​អាទិភាព​បន្ទាន់ និង​ចាំបាច់​បំផុត ហើយក៏ត្រូវ​ផ្តោតលើ​គ្រប់​ធនធាន​ហិរញ្ញវត្ថុ និង​ធនធានមនុស្ស និង​គ្រឿង​សម្ភារ​ផ្សេងទៀត ​ដើម្បី​ធានា​លុបបំបាត់​ឲ្យ​បាន​បញ្ហា​ចំណីអាហារ ​ដែល​គ្មាន​សុវត្ថិភាព​ ។

កម្មវិធី​ដែល​ទើបតែ​ដាក់​ដំណើរ​ដោយ​រដ្ឋាភិបាល​វៀតណាម ត្រូវបាន​ផ្តួចផ្តើម​ដោយ​រដ្ឋបាល​សុខាភិបាល​រដ្ឋធានី និង​ស្ថាប័ន​កសិកម្ម ​និង​ពាណិជ្ជកម្ម​ ដែលកម្មវិធី​គោលនយោបាយ​សុវត្ថិភាព​ចំណីអាហារ​នេះ ត្រូវអនុវត្ត​ពី​ឆ្នាំ​២០១៧​ ដល់​ឆ្នាំ​២០២០ ក្នុង​គោលដៅដាស់តឿន និង​បង្កើន​ការទទួលខុសត្រូវ​ទាំង​បុគ្គល គ្រួសារ និង​សហគមន៍​ទាំងមូល ​ទៅលើ​សុវត្ថិភាព​អាហារ​ដែល​ទទួលទាន​រាល់ថ្ងៃ​។

​ជាងនេះទៅទៀត​នោះ ដើម្បី​ធ្វើ​ឲ្យ​គោលនយោបាយ​កាន់​តែមាន​ប្រសិទ្ធភាព លោក​ឧបនាយករដ្ឋមន្ត្រី បាន​ទទូច​ឲ្យ​មានការ​សហការគ្នា​រវាង​ភាគី​ប្រាំ រួមមាន រដ្ឋាភិបាល អ្នកវិទ្យាសាស្ត្រ អ្នកកាសែត សហគ្រិន និង​អ្នក​ទទួលទាន​តែម្តង​។ ការសហការ​ជិតស្និទ្ធ​រវាង​ភាគី​ពាក់ព័ន្ធ មិន​ត្រឹមតែ​ជួយ​កំណត់​ពី​អាហារ​មិនមាន​សុវត្ថិភាព​ប៉ុណ្ណោះ​នោះទេ ថែមទាំង​ជួយ​ដោះស្រាយ​ផល​លំបាក​ ក្នុងការ​គ្រប់គ្រង​គុណភាព​ចំណីអាហារ​ទៀតផង​៕