រាជធានីភ្នំពេញ៖ ប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន ប្រកាសប្រាប់កម្មការិនី អាចឈប់សម្រាករយៈពេល ៣ខែ ដោយទទួលបានប្រាក់បៀវត្ស ១២០ ភាគរយ ក្នុងអំឡុងពេលឈប់សម្រាកលំហែមាតុភាព និងឈប់ឲ្យកម្មករបង់ប្រាក់របបសន្តិសុខសង្គមផ្នែកសុខភាពទៀតហើយ
ចាប់ពីខែមករា ឆ្នាំ២០១៨ តទៅ ដោយប្រាក់នេះថៅកែរោងចក្រជាអ្នកបង់ជំនួស នេះជាការប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងពេលជួបជាមួយក្រុមកម្មករក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ នៅថ្ងៃទី ២៣ ខែសីហា។
សម្តេច ហ៊ុន សែន ដែលកំពុងជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីរោងចក្រជាង៤ពាន់នាក់ នៅថ្ងៃទី២០ សីហា ឆ្នាំ២០១៧ បានមានប្រសាសន៍ថា កម្មកររោងចក្រកាត់ដេរ អាចជិះរថយន្តក្រុងសាធារណៈរយៈពេល២ឆ្នាំ ដោយឥតគិតថ្លៃ គិតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៩ ដោយគ្រាន់តែបង្ហាញកាតសម្គាល់ខ្លួនរបស់ពួកគេ និងទទួលបានសេវានេះភ្លាម ៕