មកទល់ពេលនេះ មនុស្សរាប់ពាន់នាក់ហើយបានបាត់បង់ជីវិតក្នុងសង្គ្រាមគ្រឿងញៀន របស់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ក្រៅពីប្រជាជនសាមញ្ញ គេសង្កេតឃើញមានអ្នកនយោបាយ និងអភិបាលក្រុងរូបផងដែរ ដែលក្លាយជាជនរងគ្រោះ នៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់លោក ឌូទើតេ ឥឡូវនេះ លោក ឌូទើតេ ក៏ត្រៀមបោសសម្អាតក្នុងជួរនគរបាលវិញម្ដង ដោយអះអាងថាមាននគរបាលខ្លះជួយឈ្មួញគ្រឿងញៀនទៀតផង។
ឆ្លៀតពេលទស្សនកិច្ចទៅកាន់ស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី៩ សីហា លោក ឌូទើតេ បានប្រាប់ឲ្យនគរបាលទាំងអស់ចាប់ខ្លួន ឬសម្លាប់មន្ត្រីនគរបាលណា ដែលជាប់ទាក់ទងនឹងឈ្មួញគ្រឿងញៀន ជាថ្នូរនឹងប្រាក់រង្វាន់ចំនួន៤ម៉ឺនដុល្លារ ដើម្បីបង្ហាញជាភស្តុតាងនោះ ប្រធានាធិបតីហ្វីលីពីនរូបនេះ ក៏បានប្រគល់ប្រាក់រង្វាន់ចំនួន ៤ម៉ឺនដុល្លារ ឲ្យនគរបាលដែលចូលរួមក្នុងប្រតិបត្តិការសបង្ក្រាបឈ្មួញគ្រឿងញៀនឈ្មោះ Reynaldo Parojinog មានតំណែងជាអភិបាលក្រុងកាលពីថ្ងៃទី៣០ កក្កដា។
អភិបាលក្រុង Ozamiz លោក Parojinog និងភរិយា ព្រមទាំងកូនប្រុសម្នាក់ផង ត្រូវបាននគរបាលបាញ់សម្លាប់ក្នុងប្រតិបត្តិការព្រឹកព្រហាមថ្ងៃទី៣០ កក្កដា ។ នគរបាលហ្វីលីពីននិយាយថា អភិបាលក្រុងរូបនេះ និងអង្គរក្សរបស់ខ្លួនបាញ់តដៃនគបាល ទើបនគរបាលបាញ់ការពារខ្លួន ប៉ុន្តែមេធាវីលោក Parojinog ដែលលោក ឌូទើតេ ចោទថាជាឈ្មួញគ្រឿងញៀនដ៏ធំ ឆ្លើយវិញថា លោក Parojinog មិនបានតដៃឡើយ។
យ៉ាងណាមិញ លោក ឌូទើតេ បានប្រកាសលើកលែងទោសមន្ត្រីនគរបាលទាំងអស់ ដែលជាប់ពាក់ព័ន្ធការស្លាប់របស់លោក Parojinog ប្រធានាធិបតីមាត់ឆៅរូបនេះ សង្កត់ធ្ងន់ថា បើមន្ត្រីនគរបាលទាំងនោះ ត្រូវរកឃើញថាមានកំហុសពីបទសម្លាប់មនុស្ស ចាំខ្ញុំលើកលែងទោសឲ្យវិញ។ ដោយសារបញ្ហានេះ លោក ឌូទើតេ រងការរិះគន់យ៉ាងខ្លាំង ពីសំណាក់លោកខាងលិច ជាមួយនឹងការព្រួយបារម្ភចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ប៉ុន្តែលោកមិនបានខ្វល់់ខ្វាយឡើយ៕