រាជធានីភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្ដល់ប្រាក់កម្ចីប្រមាណ ២០៩លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីសាងសង់ចំណតកំពង់ផែថ្មីមួយទៀត របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
សេចក្ដីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) កាលពីថ្ងៃទី១០ សីហា បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខាប្ដូរសារផ្ដល់ប្រាក់កម្ចីលើគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី
របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានចំនួន ២៣,៥ ពាន់លានយ៉េន ឬប្រហែលនឹង ២០៩លានដុល្លារអាមេរិក ដែលបានមកពីពិធីចុះហត្ថលេខានៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី៨ សីហា។
តាមផែនការចំណតកំពង់ផែនេះគ្រោងសាងសង់នៅឆ្នាំ២០១៨ និងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៣ ហើយចំណតផែសមុទ្រនេះ មានបណ្ដោយ ៣៥០ម៉ែត្រ និងជម្រៅ ១៤ម៉ែត្រកន្លះ ហើយអាចទទួលកប៉ាលធំៗប្រមាណ ៩៣% ពីជុំវិញពិភពលោក។
ការពង្រីកសមត្ថភាពកំពង់ផែសមុទ្ររបស់កម្ពុជានេះ ត្រូវបានវិស័យឯកជនលើកឡើងថា គម្រោងនេះនឹងជួយបង្កើនសក្ដានុពលផលិតផលនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ៕