សិង្ហបុរី៖ រដ្ឋាភិបាលសិង្ហបុរី បានប្រកាសប្រាប់ប្រជាជនខ្លួន កុំឲ្យមានការភ័យខ្លាចក្នុងការជាវស៊ុតក្នុងស្រុក បន្ទាប់ពីមានការផ្ទុះឡើង នូវបញ្ហាស៊ុតខូចគុណភាពយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងបណ្តុំប្រទេសអភិវឌ្ឍអឺរ៉ុបនោះ បើទោះបីជារដ្ឋាភិបាលមានការរឹតបន្តឹងលើបញ្ហាចំណីអាហាររួចទៅហើយ។អាជ្ញាធរចំណីអាហារសិង្ហបុរី បានថ្លែងការពីថ្ងៃទី១២ សីហា ថា ការផ្ទុះបញ្ហាស៊ុតខូចគុណភាព និងផ្អូមនៅតំបន់អឺរ៉ុប អាចក្លាយជាក្តីបារម្ភមួយ មកលើសុវត្ថិភាពស៊ុតដែលដាក់លក់នៅក្នុងប្រទេសសិង្ហបុរី ក៏ប៉ុន្តែសិង្ហបុរី មិនបាននាំចូលស៊ុតពីប្រទេសដែលកំពុងតែរងបញ្ហានៅក្នុងប្រទេសអ៊ឺរ៉ុបឡើយ ហើយស៊ុតដែលកំពុងផ្គត់ផ្គង់នៅសិង្ហបុរី ត្រូវបាននាំចូលពីកសិដ្ឋានមាន់ម៉ាឡេស៊ី និងក្នុងស្រុក ។ ពួកគេតែងតែពិនិត្យ និងវាយតម្លៃលើគុណភាពស៊ុត និងកសិដ្ឋានមាន់ជាទៀងទាត់ ដើម្បីធានាពីសុវត្ថិភាពចំណីអាហារ ស្តង់ដារសុខភាពរបស់សត្វរួចហើយ។
រយៈពេលថ្មីៗនេះ នៅក្នុងតំបន់ប្រទេសអឺរ៉ុបទាំង១៥ប្រទេស បានជួបនឹងបញ្ហាចំណីអាហារ ដោយស៊ុតដែលពួកគេយកមកទទួលទានមានសាធាតុគីមី និងខូចគុណភាព ដែលធ្វើឲ្យរដ្ឋាភិបាលប្រទេសអឺរ៉ុបមួយចំនួន បានមើលមុខគ្នាមិនសូវចំ លើបញ្ហានេះ នៅមិនទាន់បានដោះស្រាយចប់នៅឡើយនោះទេ៕