កេនយ៉ា៖ មនុស្ស ១១នាក់ហើយ បានស្លាប់បាត់បង់ជីវិត ដោយសារចលនាបាតុកម្មបដិសេធលទ្ធផលបោះឆ្នោតនេះ បន្ទាប់ប្រកាសលទ្ធផលជាផ្លូវការថា ប្រធានាធិបតីផុតអាណត្តិជាអ្នកឈ្នះឆ្នោតនោះ បេក្ខជនបក្សប្រឆាំង និងអ្នកគាំទ្រក៏ប្រកាសដូចគ្នាថា ខ្លួននឹងបន្តបាតុកម្មបដិសេធលទ្ធផល ហើយចលនាបាតុកម្មនេះ បានបង្កឲ្យមានការប្រឈមមុខដាក់គ្នា និងអំពើហិង្សាផងដែរ ។
កាលពីថ្ងៃទី ១២ សីហា ក្រុមអ្នកគាំទ្រេបេក្ខជនប្រធានាធិបតីបក្សប្រឆាំងលោក Raila Odinga បានចេញមុខប្រកាសថា ពួកគេមិនបោះបង់ការទាមទារឲ្យមានការបដិសេធចោលលទ្ធផលបោះឆ្នោតឡើយ ហើយពួកគេនៅបន្តបាតុកម្ម ទោះបីជាចលនានេះ បានបង្កឲ្យមានអំពើហិង្សា រហូតឆក់យកជីវិតមនុស្សប្រហែល ១១នាក់ហើយក្តី។
ចលនាបាតុកម្មកើនឡើងកាន់តែខ្លាំង ក្រោយគណៈកម្មការរៀបចំការបោះឆ្នោតកេនយ៉ា ប្រកាសលទ្ធផលជាផ្លូវដោយប្រធានាធិបតីជិតផុតអាណត្តិលោក Uhuru Kenyatta ឈ្នះឆ្នោតនៅថ្ងៃសុក្រ ដែលបាតុកម្មនេះកើតឡើងខ្លាំងតែនៅតំបន់ដែលក្រុមអ្នកគាំទ្របក្សប្រឆាំងច្រើនស្ថិតនៅប៉ុណ្ណោះ។
គេឃើញបាតុកររាប់រយនាក់ប្រមូលផ្តុំគ្នានៅថ្ងៃសៅរ៍ ហើយការប្រើប្រាស់អំពើហិង្សាក៏ផ្ទុះឡើង ពេលនគរបាលព្យាយាមនាំគ្នាបំបែកចលនាបាតុកម្មនេះ ព្រោះស្ថានភាពហាក់លែងមានច្បាប់មានទម្លាប់ទៅហើយ ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភនោះមនុស្ស ប្រហែល១១នាក់រួចទៅហើយ ដែលបានស្លាប់ដោយសារអំពើហិង្សានិងការប្រឈមមុខគ្នារវាងបាតុករ និងនគរបាលនេះ
ពាក់ព័ន្ធបញ្ហានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកេនយ៉ា Fred Matiangi បានចាត់ទុកចលនាបាតុកម្មហិង្សានេះថាជាសកម្មភាពឧក្រិដ្ឋថែមទៀត។
ទោះបីក្រុមអ្នកគាំទ្របេក្ខជនបក្សប្រឆាំងនាំគ្នា បន្តធ្វើបាតុកម្មទាត់ចោលលទ្ធផលបោះឆ្នោតក៏ដោយ មេដឹកនាំបក្សប្រឆាំងនិងជាបេក្ខជនប្រធានាធិបតីលោក Raila Odinga មិនទាន់ចេញមុខថ្លែងសុន្ទរកថាឬជួបអ្នកគាំទ្រឡើយ ក្រោយចាញ់ឆ្នោត ដែលបេក្ខជនដែលចាញ់ឆ្នោតបួនលើករាប់ទាំងឆ្នាំ ២០១៧ រូបនេះគ្រាន់តែបដិសេធលទ្ធផលបោះឆ្នោត និងអះអាងថា ត្រូវគេបន្លំទប់ស្កាត់លោកកុំឲ្យឈ្នះឆ្នោតប៉ុណ្ណោះ។
យ៉ាងណាក៏ដោយចុះ វាមិនមែនជារឿងចម្លែកទេសម្រាប់កេនយ៉ាដែលត្រូវប្រឈមចលនាបាតុកម្មហិង្សា និងមានប្រទាំងប្រទើសនិងប៉ះទង្គិចគ្នារហូតដល់មានមនុស្សស្លាប់ច្រើនក្រោយបោះឆ្នោតបែបនេះនោះ វាក៏ដោយសារនៅកេនយ៉ាមានការបែកខ្ញែកគ្នាផ្នែកនយោបាយផង និងជាតិពន្ធុផង។ អំពើហិង្សាក្រោយបោះឆ្នោតដែលធ្ងន់ធ្ងរជាងគេគឺឆ្នាំ ២០០៧ ដោយកាលនោះការប៉ះទង្គិចគ្នាបានឆកយកជីវិតមនុស្ស ១១០០នាក់ ហើយនិងធ្វើឲ្យប្រជាពលរដ្ឋជាង ៦០០០០០នាក់ផ្សេងទៀតបាត់បង់ជម្រកផង៕