កម្ពុជា៖ ក្នុងខួបទី៥០នៃការបង្កើតអាស៊ាន សូមលើកយកពីអត្ថន័យទាក់ទងទៅនិងទង់ជាតិ តំណាងឲ្យប្រទេសនានា មករៀបរាប់ប្រាប់៖
១/. ទង់ជាតិប្រទេសថៃ ឬទង់ត្រៃរង្គ មានបីពណ៌ គឺពណ៌ក្រហម សនិងខៀវ ខាងក្នុងចែកចេញជា៥ឆ្នូត ឆ្នូតខាងលើនិងខាងក្រោម។ ចំពោះអត្ថន័យពណ៌ក្រហមតំណាងឲ្យជាតិ ឆ្នូតបន្ទាប់ពណ៌សតំណាងឲ្យសាសនា ឆ្នូតពណ៌ខៀវ ដែលមានទំហំធំជាងឆ្នូតដទៃ២ដង តំណាងឲ្យព្រះមហាក្សត្រ។
២/. ទង់ជាតិប្រទេសម៉ាឡេស៊ី ហៅថា យ៉ាលូរ៍ កេមិឡាំង(Jalur Gemilang) ឬទង់នៃកិត្តិយស មានឆ្នូតពណ៌ក្រហម និងពណ៌ស១៤ឆ្នូត តំណាងឲ្យភាពស្មើគ្នា របស់រដ្ឋសមាជិកទាំង១៣រដ្ឋ និងរដ្ឋាភិបាលកណ្ដាល។ ផ្កាយ១៤ជ្រុងតំណាងឲ្យឯកភាព ព្រះចន្ទមួយចំណិតតំណាងឲ្យសាសនាឥស្លាម ចំណែកពណ៌លឿងរបស់ព្រះចន្ទមួយចំណិតនិងតារាសហព័ន្ធ គឺជាពណ៌នៃយ៉ាំងឌី ប៉ឺរ៍តួន អាកុង ឬសម្ដេចព្រះរាជាធិបតីជាប្រមុខរបស់សហព័ន្ធរដ្ឋ ពណ៌ខៀវតំណាងឲ្យសាមគ្គីភាពរបស់ជនជាតិម៉ាឡេស៊ី។
៣/.ទង់ជាតិប្រទេសហ្វីលីពីន នៅខាងឆ្វេងមានរូបត្រីកោណពណ៌ស ជាសញ្ញាតំណាងឲ្យភាពស្មើគ្នានិងភាតរភាព នៅខាងក្នុងមានរូបព្រះអាទិត្យបញ្ចេញរស្មី៨កាំ ដែលមានពណ៌មាស តំណាងឲ្យខេត្ត៨ដំបូងរបស់ប្រទេស ព័ទ្ធជុំវិញដោយផ្កាយប្រាំជ្រុង៥ជ្រុងពណ៌មាសទាំង៣ តំណាងឲ្យកោះធំ៣គឺ កោះលូសន កោះមីនដាណាវ និងប្រជុំកោះវីសាយ៉ាន់។ ផ្នែកដែលនៅសល់របស់ទង់នោះ ចែកចេញជាពីឆ្នូត ដោយឆ្នូតខាងលើពណ៌ខៀវ ខាងក្រោមពណ៌ក្រហម ឯផ្ទៃពណ៌ខៀវតំណាងឲ្យសន្ដិភាព សច្ចភាព និងភាពយុត្តិធម៌ ផ្ទៃពណ៌ក្រហមតំណាងឲ្យ ការស្នេហាជាតិនិងភាពមានតម្លៃ។
៤/. ទង់ជាតិប្រទេសសិង្ហបុរី ចែកចេញជាពីពណ៌ស្មើគ្នា ខាងលើពណ៌ក្រហមតំណាង ឲ្យភាតរភាព និងភាពស្មើគ្នា ខាងក្រោមពណ៌សតំណាងឲ្យភាពបរិសុទ្ធ និងភាពស្រស់ស្អាត។ នៅមុំខាងឆ្វេងមានរូបព្រះចន្ទមួយចំណិតតំណាងឲ្យជាតិថ្មីដែលបានចាប់កំណើតឡើង និងផ្កាយ៥ជ្រុងទាំង៥ដួងតំណាងឲ្យឧត្ដមគតិ៥ប្រការគឺ ប្រជាធិបតេយ្យ សន្ដិភាព ភាពរីកចម្រើន យុត្តធម៌ និងភាពស្មើគ្នា។
៥/. ទង់ជាតិប្រទេសឥណ្ឌូណេស៊ី ហៅថាសាំងសាកាមេរ៉ាពូទីហ៍(Sang Saka Mera Putih) មានដើមកំណើតមកពីអាណាចក្រ ម៉័ឆប៉ាហ៊ីត ហើយផ្ទៃទង់ចែកចេញជាពីរ ខាងលើពណ៌ក្រហមតំណាងឲ្យភាពក្លាហាននិងសេរីភាព ខាងក្រោមពណ៌សតំណាងឲ្យភាពបរិសុទ្ធនិងយុត្តិធម៌។
៦/. ទង់ជាតិប្រទេសប្រ៊ុយណេ ជាទង់បួនជ្រុងទ្រវែងពណ៌លឿង។ ផ្ទៃទង់ពណ៌លឿងនេះតំណាងឲ្យស្ដេច នៅខាងក្នុងមានឆ្នូតពណ៌សនិងពណ៌ខ្មៅដែលបញ្ជិតពីមុំ មួយទៅមុំមួយទៀតតំណាងឲ្យគណៈរដ្ឋមន្ត្រីនៃប្រទេសប្រ៊ុយណេ កណ្ដាលទង់ជាសញ្ញាជាតិរបស់ប្រ៊ុយណេ។
៧/. ទង់ជាតិប្រទេសវៀតណាម ទង់ជាតិវៀតណាមមានផ្ទៃពណ៌ក្រហមតំណាងឲ្យការបដិវត្តដោយវណ្ណៈកម្មករ និងផ្កាយពណ៌មាសតំណាងឲ្យការដឹកនាំរបស់បក្សកុម្មុយនីស្ដវៀតណាម។
៨/. ទង់ជាតិប្រទេសឡាវ ជាទង់ដែលមានឈ្មោះថា ទង់ដួងខែ ដែលពណ៌ក្រហមតំណាងឲ្យឈាមនៃការតស៊ូដើម្បីសេរីភាពរបស់ជនជាតិឡាវ ពណ៌ខៀវតំណាងឲ្យភាពសម្បូរហូរហៀររបស់ជាតិ និងព្រះចន្ទពណ៌សជានិមិត្តរូបនៃព្រះចន្ទដែលអណ្ដែតលើទន្លេមេគង្គដែលតំណាងឲ្យឯកភាពជាតិ ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបក្សប្រជាជនបដិវត្តឡាវ ឬតំណាងឲ្យការត្រឡប់មករួមគ្នាម្ដងទៀតរបស់ជនជាតិឡាវ។
៩/. ទង់ជាតិប្រទេសមីយ៉ានម៉ា ជាទង់ជាតិមីយ៉ាន់ម៉ាមានលក្ខណៈជាទង់បួនជ្រុងទ្រវែង និងមានឆ្នូត៣ពណ៌ ដោយពណ៌នីមួយៗរៀងជាលំដាប់ពីលើចុះក្រោម មានផ្ទៃពណ៌លឿងតំណាងឲ្យសាមគ្គីភាពជាធ្លុងមួយ ពណ៌ខៀវតំណាងឲ្យសន្ដិភាព និងភាពស្ងប់សុខ ឯពណ៌ក្រហមតំណាងឲ្យភាពក្លាហាននិងភាពម៉ឺងម៉ាត់ ដាច់ខាត ហើយនៅចំកណ្ដាលទង់មានរូបផ្កាយជ្រុងពណ៌សតំណាងឲ្យសហព័ន្ធដ៏រឹងមាំនិងឯកភាព ចាប់ផ្ដើមប្រើលើកដំបូងនៅថ្ងៃទី២១ តុលា ឆ្នាំ២០១០។
១០/. ទង់ជាតិប្រទេសកម្ពុជា ផ្ទៃទង់ចែកចេញជា៣ឆ្នូត ដោយឆ្នូតកណ្ដាលពណ៌ក្រហមតំណាងឲ្យជាតិ និងមានរូបប្រាសាទអង្គវត្តពណ៌សនៅចំកណ្ដាលតំណាងឲ្យសន្ដិភាព និងសាសនា ឯផ្ទៃពណ៌ខៀវដែលនៅនៅផ្នែកខាងលើ និងខាងក្រោមនៃទង់ តំណាងឲ្យស្ថាប័នព្រះមហាក្សត្រ៕