ភ្លេងអាស៊ាន មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់គ្រប់ស្ថានភាពនោះទេ ពោលគឺ ភ្លេងនេះ គឺស្ថិតក្រោមការការពារសិទ្ធិកម្មសិទ្ធិបញ្ញារបស់អគ្គលេខារបស់អាស៊ាន ក៏មានន័យថា ភ្លេងអាស៊ាន ត្រូវបានកំណត់ឲ្យប្រើប្រាស់ឲ្យបានត្រឹមត្រូវ និង ប្រកបដោយភាពថ្លៃថ្នូរ។ រាល់ពេលនៃភេ្លងនេះ ត្រូវបានបន្លឺឡើងមេដឹកនាំ និង អ្នកចូលរួមក្នុងកិច្ចប្រជុំត្រូវតែក្រោកឈរ។ ភ្លេងអាស៊ាន មិនត្រូវបានអនុញ្ញត្តឲ្យយកទៅប្រើប្រាស់ក្នុងគោលបំណងពាណិជ្ជកម្ម និងការឃោសនានយោបាយនោះទេ។
កន្លងមកភ្លេងអាស៊ាន ត្រូវបានចាក់នៅពេលមានកិច្ចប្រជុំផ្លូវការ និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត ដែលរាប់បញ្ចូលរាល់កិច្ចប្រជុំអាស៊ានជាមួយនឹងដៃគូសន្ទនារបស់ខ្លួន ជាមួយគ្នានេះ គេក៏អាចចាក់នៅក្នុងឱកាសនៃរម្លឹកខួប នៃការបង្កើតអាស៊ាន ឬកម្មវិធីផ្សេងៗដែលលើកកម្ពស់ពីផលប្រយោជន៍របស់អាស៊ានផងដែរ។
សូមរមឹ្លកផងដែរថា រយៈពេល៥០ឆ្នាំហើយ ដែលអាស៊ានត្រូវបានបង្កើតឡើងដោយមានសមាជិកសរុប ១០រដ្ឋ រួមមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និង សិង្ហបុរី (ស្ថាបនិកចាស់) និងព្រុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និង កម្ពុជា (សមាជិកថ្មីដែលបានចូលក្រោយ)៕