Saturday, August 26, 2017

លោកស្រី យីងឡាក់ ភៀសខ្លួនចេញពីប្រទេសថៃ ក្នុងពេលដែលតុលាការចេញដីកាចាប់ខ្លួន

ថៃ៖ លោក Prawit wongsuwon ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ កាលពីយប់ថ្ងៃទី២៥ ខែសីហា បានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានចាកចេញពីប្រទេសថៃ ទៅកាន់ប្រទេសនៅក្នុងតំបន់។លោក Prawit wongsuwon បានបញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា សិង្ហបុរីជាទីតាំងដែលសង្ស័យថា លោកស្រី យីងឡាក់ ទៅលាក់ខ្លួននៅទីនោះ គឺមិនមានទេ នៅពេលនេះយើងមិនទាន់ដឹងថា លោកស្រី កំពុងលាក់ខ្លួននៅទីណានោះឡើយ ។
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលគ្រប់គ្រងទាំង កម្លាំងទាហាន និងនគរបាលបានបញ្ជាក់ថា លោកមិនអាចបញ្ជាក់បានទេថា មានមន្ត្រីយោធាជាន់ខ្ពស់ ជួយលោកស្រីឲ្យចាកចេញពីប្រទេស។ លោក Prawit wongsuwon ក៏បានច្រានចោលព័ត៌មានថា កម្លាំងទាហានថៃ បានជួយលោកស្រីឲ្យភៀសខ្លួនចេញពីប្រទេស។

កន្លងមកមានព័ត៌មានផ្សាយថា លោកស្រី យីងឡាក់ មកកាន់ប្រទេសកម្ពុជា ហើយបន្តទៅកាន់ប្រទេសសឹង្ហបុរី រួចបន្តទៅហុងកុង ឬឌូប៊ៃ ប្រទេសអារ៉ាប់។ ការភៀសខ្លួនចេញពីប្រទេសថៃ កើតឡើងក្នុងពេលដែលតុលាការថៃ បានសម្រេចចេញដីកាចាប់ខ្លួន លោក ស្រី យីង ឡាក់ ក្រោយពេលលោកស្រីមិនចូលខ្លួន ទៅទទួលនៅការសម្រេចក្តីរបស់តុលាការកំពូលថៃ កាលពីថ្ងៃទី២៥ ខែសីហា៕