Saturday, August 26, 2017

ភាគខាងជើងក្រុងម៉ានីល ផ្ទុះជំងឺផ្តាសាយបក្សី ឆ្លងពីសត្វទៅមនុស្ស


ហ្វីលីពីន៖ ជំងឺគ្រុនផ្តាសាយបក្សី បានផ្ទុះឡើងនៅក្នុងប្រទេសហ្វីលីពីន ប៉ុន្មានថ្ងៃចុងរោយនេះ ដោយបានបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ពិសេសគឺក្រុមអ្នកចិញ្ចឹមកសិដ្ឋាន ដោយពេលនេះមានការសង្ស័យថា បានឆ្លងជំងឺនេះពីសត្វទៅមនុស្ស។
កាលពីថ្ងៃទី២៥ សីហា ក្រុមគ្រូពេទ្យហ្វីលីពីន ចាប់ផ្តើមត្រួតពិនិត្យ ដោយដាក់ការសង្ស័យទៅលើករណីនៃជំងឺផ្តាសាយបក្សីឆ្លងមកមនុស្ស បន្ទាប់ពីកសិដ្ឋានចំនួន៣៤កន្លែង នៅក្នុងក្រុងចំនួន២ នៅភាគខាងជើងក្រុងម៉ានីល មានផ្ទុះជំងឺផ្តាសាយបក្សី ពីឆ្លងជំងឺតាមរយៈសត្វស្លាប ។

ក្រុមមន្ត្រីមកពីនាយកដ្ឋានសុខភាព និងកសិកម្ម បានឲ្យដឹងថា ការធ្វើតេស្តនៅមន្ទីរពិសោធន៍ នៅអូស្រ្តាលី បានបញ្ជាក់ថា ការផ្ទុះជំងឺបង្កឡើងដោយវីរុស H5N6 ដែលជាប្រភេទវីរុស បង្កជាជំងឺផ្តាសាយបក្សីបង្កឲ្យមានការស្លាប់បាន ។ វីរុសប្រភេទនេះបានឆ្លងចូលក្នុងខ្លួនមនុស្ស ប៉ុន្តែអត្រានៃស្លាប់អាចស្ថិតនៅកម្រិតទាបនៅឡើយ ។

លោកស្រី PaulynUbial រដ្ឋមន្ត្រីក្រសួងសុខាភិបាលហ្វីលីពីន បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយថា មានករណីសង្ស័យ ចំនួន៣៤ ដែលបានឆ្លងរាលដាលជំងឺផ្តាសាយបក្សីមកមនុស្ស នៅខេត្តមួយចំនួន គឺ Pampanga និង NeuvaEcija ដែលជាតំបន់ដែនកោះដ៏សំខាន់មួយ នៅដែនកោះ Luzon ប្រទេសហ្វីលីពីន ៕