ថៃ ៖ បន្ទាប់ពីអវត្តមានមិនបានបង្ហាញខ្លួន នៅតុលាការកំពូល សម្រាប់ការប្រកាសសាលក្រមរឿងក្តីរបស់ខ្លួន លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) ត្រូវបានសារព័ត៌មានថៃបញ្ជាក់ថា លោកស្រីបានធ្វើដំណើរទៅដល់ទីក្រុងឌូបៃ (Dubai) នៃប្រទេសអេមីរ៉ាត់ដោយសុវត្ថិភាព ដើម្បីជួបជុំជាមួយបងប្រុសរបស់លោកស្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលកំពុងរស់នៅទីនោះ កាលពីថ្ងៃទី២៦ សីហា។កាលពីថ្ងៃសុក្រកន្លងទៅនេះតុលាការកំពូលរបស់ប្រទេសថៃ គ្រោងនឹងប្រកាសសាលក្រមរឿងក្តីចោទ ប្រកាន់លោកស្រី យីងឡាក់ ពីបទធ្វេសប្រហែសក្នុងការបំពេញតួនាទី នៅក្នុងគម្រោងឧបត្ថម្ភធន ដើម្បីទិញស្រូវពី កសិករ ដែលគម្រោងនោះ បានធ្វើឲ្យរដ្ឋខាតបង់ប្រាក់រាប់ពាន់ដុល្លារអាមេរិក ។
តែដោយសារមិនមានវត្តមានលោកស្រីយីងឡាក់ ដែលត្រូវបានក្រុមមេធាវីរបស់លោកស្រី អះអាងថា លោកស្រីមិនអាចមកចូលរួមបាន ដោយសារតែលោកស្រីមានបញ្ហាសុខភាពនោះ តុលាការកំពូលរបស់ប្រទេសថៃ ក៏បានលើកពេលប្រកាសសាលក្រមរឿងក្តីនេះ ទៅថ្ងៃទី ២៧ កញ្ញាខាងមុខវិញ និងបានចេញដីកាចាប់ខ្លួនលោកស្រី ព្រមទាំងបង្គាប់ឲ្យបង់ប្រាក់ធានានៅក្រៅឃុំចំនួន ៩០ម៉ឺនដុល្លារអាមេរិកទៀតផង ។
លោកស្រី យីងឡាក់ នឹងត្រូវប្រឈមមុខជាមួយការជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ និងហាមឃាត់មិនឲ្យចូលរួមក្នុងផ្នែកនយោបាយជារៀងរហូត ប្រសិនបើតុលាការប្រកាសសាលក្រមថា មានទោសដូចការចោទប្រកាន់មែននោះ ៕