រាជធានីភ្នំពេញ៖ តាមសេចក្តីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែសីហា ឲ្យដឹងថា ក្រសួងស្នើដល់គ្រប់អភិបាលខេត្ត-រាជធានី ឲ្យជួយសម្រួលដល់បេក្ខជនប្រឡងបាក់ឌុប នៅពេលពួកគេទៅស្នាក់នៅទីរួមខេត្ត និងរាជធានីភ្នំពេញ ក្នុងថ្ងៃទី២១-២២ សីហា ដែលជាកាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០១៧។
ខណៈការប្រឡងបាក់ឌុបនឹងរៀបចំនៅគ្រប់ទីរួមខេត្ត និងរាជធានីភ្នំពេញ ក្រសួងអប់រំស្នើដល់អភិបាលខេត្ត និងរាជធានីទាំងអស់ ជួយសម្រួលដល់បេក្ខជនប្រឡងបាក់ឌុប ដូចជា៖ សម្រួលជាមួយម្ចាស់ផ្ទះសំណាក់ ឬសណ្ឋាគារ កុំឡើងថ្លៃនៅថ្ងៃទី ២១-២២ សីហា ដែលថ្ងៃប្រឡងបាក់ឌុប ជួយសម្រួលចរាចរណ៍ ត្រួតពិនិត្យប្រព័ន្ធអគ្គិសនីនៅតាមមណ្ឌលប្រឡង និងសម្រួលដល់បេក្ខជនអាចស្នាក់វត្ត ដែលជិតមណ្ឌលប្រឡងជាដើម។
ការស្នើនេះ គឺធ្វើឡើងដើម្បីសម្រួលដល់បេក្ខជន មាតាបិតា និងអាណាព្យាបាលរបស់បេក្ខជន ដែលនឹងមកស្នាក់នៅទីរួមខេត្ត និងរាជធានី ចាប់តាំងពីថ្ងៃមុនប្រឡងមួយថ្ងៃ រហូតការប្រឡងបានបញ្ចប់។
ការប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅឆ្នាំ២០១៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ សីហាខាងមុននេះ ដោយមានបេក្ខជនប្រឡងចំនួន ១០៣,១១២ នាក់ មណ្ឌលប្រឡងចំនួន១៧៨ រីឯលទ្ធផលប្រឡង នឹងប្រកាសនៅថ្ងៃទី១២ កញ្ញា សម្រាប់មណ្ឌលនៅភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទីទី១៣ កញ្ញា សម្រាប់មណ្ឌលនៅបណ្តាលខេត្តផ្សេង៕