Saturday, August 5, 2017

អត្តពលិកកម្ពុជា ចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅម៉ាឡេស៊ី នឹងទទួលបានប្រាក់រង្វាន់ច្រើនគួរសម

 

រាជធានីភ្នំពេញ៖ ក្នុងឱកាសក្រុមហ៊ុនស្រាបៀអង្គរ រៀបចំពិធីជប់លៀង ជូនដំណើរអត្តពលិកទៅស៊ីហ្គេមកាលពីថ្ងៃទី៤ សីហា ឯកឧត្ដម វ៉ាត់ ចំរើន បានបង្ហើបឲ្យដឹងនូវចំនួនទឹកប្រាក់ដែលអត្តពលិក នឹងទទួលបានប្រសិនអាចដណ្ដើមបានមេដាយជូនជាតិ ពីព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ានមួយនេះ។
ទឹកប្រាក់ដែលទទួលបានមាន ១.ឯកត្តជន មេដាយមាស ទទួលបាន ១០.០០០ដុល្លារ ពីរាជរដ្ឋាភិបាល, ៥.០០០ដុល្លារ ពីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង៩.០០០ដុល្លារ ពីក្រុមហ៊ុនចំនួនពីរទៀត សរុប ២៤.០០០ដុល្លារ, មេដាយប្រាក់ ទទួលបាន ១៣.៥០០ដុល្លារ មេដាយសំរឹទ្ធ ទទួលបាន ៧.០០០ដុល្លារ
និង២.កីឡាជាក្រុម មេដាយមាស ទទួលបាន ៨.០០០ដុល្លារ មេដាយប្រាក់ ទទួលបាន ៥.០០០ដុល្លារ    មេដាយសំរឹទ្ធ ទទួលបាន ៣.០០០ដុល្លារ ។
កាលពីថ្ងៃទី៣ សីហា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយប្រតិភូកីឡាករ កីឡាការិនី រួមទាំងគ្រូបង្វឹកសរុបចំនួន ២៧៤នាក់ មុននឹងចេញទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកចំនួន ២៧៤នាក់ ក្នុងម្នាក់ៗទទួលបាន $៥០0 សម្រាប់ការធ្វើដំណើរទៅចូលការប្រកួត ។
កីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី នឹងចាប់ផ្ដើមដំណើរការប្រកួតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ មាន២៤ប្រភេទកីឡា ៕