អាមេរិក ៖ រដ្ឋាភិបាលអាមេរិកកំពុងស្វែងរកការចរចាជាមួយភាគីពាក់ព័ន្ធ ដើម្បីឈានដល់ការព្យួរសមាជិកភាពរបស់កូរ៉េខាងជើង ក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន (ARF) ដែលជាវេទិកាសន្តិសុខដ៏ធំមួយ នៅក្នុងតំបន់ ដែលមន្ត្រីអាមេរិក និងហ្វីលីពីន និយាយថា បំណងព្យួរសមាជិកភាពរបស់កូរ៉េខាងជើង គឺជាផ្នែកមួយ នៃការប្រឹងប្រែងផ្ដាច់ដង្ហើមការទូតរបស់កូរ៉េខាងជើង និងដើម្បីបង្ខំឲ្យរដ្ឋឯកោមួយនេះ បញ្ចប់កម្មវិធីនុយក្លេអ៊ែរ ក៏ដូចជាការសាងល្បងមីស៊ីលផង។ឧបការីរទទួលបន្ទុកកិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិក លោកស្រី Susan Thornton និយាយថា កូរ៉េខាងជើងមិនសក្តិសមនឹងបន្តជាសមាជិកវេទិកាតំបន់អាស៊ាន (ARF) ឡើយ ព្រោះកូរ៉េខាងជើងបានបំពានគោលការណ៍បង្ការជម្លោះរបស់វេទិកានេះ ដែលចំណុចបំពាន គឺកូរ៉េខាងជើងបានសាកល្បងមីស៊ីល និងបន្តមហិច្ឆតាអភិវឌ្ឍនុយក្លេអ៊ែរ ដែលបង្ការគំរាមកំហែងដល់សន្តិសុខតំបន់ និងពិភពលោកផងដែរ។
លោកស្រីថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២ សីហា ថា អាមេរិកចង់បានការពិភាក្សាជុំវិញការព្យួរសមាជិកភាពប្រទេសមួយ ពីអង្គការដែលមានគោលការណ៍បង្ការជម្លោះ និងអាមេរិកកំពុងពិភាក្សាជាមួយដៃគូ ដើម្បីមានចំណាត់ការបន្ថែមទៀត ក្នុងការដាក់សម្ពាធលើរបបដឹកនាំក្រុងព្យុងយ៉ាង ក៏ដូចជាផ្ដាច់ផ្លូវការទូត ដែលធ្វើឲ្យរដ្ឋមួយនេះកាន់តែឯកោឡើង។
មន្ត្រីហ្វីលីពីនបានថ្លែងថា មន្ត្រីអាមេរិកបានជជែកជាមួយមន្ត្រីហ្វីលីពីនជុំវិញបញ្ហានេះ ប៉ុន្តែបានប្រាប់អាមេរិកវិញថា កូរ៉េខាងជើងគួរតែអនុញ្ញាតឲ្យបន្តនៅក្នុង ARF ទៀត ដើម្បីបញ្ចុះបញ្ចូលឲ្យរដ្ឋកុម្មុយនីស្តមួយនេះ បោះបង់កម្មវិធីនុយក្លេអ៊ែរ នៅមុននេះបន្តិច មន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើង ទើបបញ្ចប់ទស្សនកិច្ចនៅក្រុងម៉ានីល ដែលគេជឿថា មានគោលដៅចង់ឲ្យហ្វីលីពីនដែលជាប្រធានអាស៊ាន បិទសំណុំរឿងនុយក្លេអ៊ែររបស់ខ្លួន។
កិច្ចប្រជុំវេទិកាអាស៊ាន ដែលមានសមាជិក២៧ប្រទេស នឹងរៀបចំក្នុងរដ្ឋធានីម៉ានីលនៅសប្ដាហ៍ក្រោយ ហើយរដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង Ri Yong-ho ក៏មានវត្តមានក្នុងកិច្ចប្រជុំនេះដែរ ប៉ុន្តែនឹងមិនមានជំនួបទ្វេភាគីឡើយ គេរំពឹងថា ក្នុងកិច្ចប្រជុំលើក អាមេរិក កូរ៉េខាងត្បូង ជប៉ុន និងអូស្ត្រាលីជាដើម ប្រាកដជាជំរុញឲ្យសមាជិកផ្សេងទៀត ថ្កោលទោសទង្វើរបស់កូរ៉េខាងជើងមិនខាន។
យ៉ាងណាក្ដី បំណងព្យួរសមាជិកភាពរបស់កូរ៉េខាងជើងក្នុងកិច្ចប្រជុំ ARF មិនមែនជារឿងងាយស្រួលឡើយ ពោលគឺមានន័យថា បើសមាជិកណាមួយប្រឆាំង ការសម្រេចចិត្តរបស់ ARF មិនអាចលេចជារូបរាងបានឡើយ ក្នុងចំណោមសមាជិក ARF ទាំងអស់ គេឃើញមានប្រទេសច្រើន ដែលរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយកូរ៉េខាងជើង ដែលនេះនឹងបង្កការលំបាកខ្លាំងដល់ការប្រឹងប្រែងរបស់អាមេរិក៕