រាជធានីភ្នំពេញ ៖ កម្ពុជាគ្រោងបញ្ជូនពលករ ១.០០០នាក់ ទៅបម្រើការងារនៅតំបន់រដ្ឋបាលពិសេសហុងកុង នៅចុងឆ្នាំ២០១៧នេះ រីឯពលករខ្មែរដែលត្រូវបម្រើការងារនៅទីនោះ នឹងទទួលបានប្រាក់ខែ ពី៥៥០ដុល្លារឡើងទៅ។បន្ទាប់ពីពិនិត្យឃើញថា លក្ខខណ្ឌការងាររបស់ហុងកុង មានលក្ខណៈគាំពារដល់ពលករបរទេសនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងជ្រើសរើសពលរដ្ឋខ្មែរ១.០០០នាក់ ជាលើកដំបូង បញ្ជូនទៅធ្វើការនៅហុងកុង តាមរយៈកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ។ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បាននិយាយថា ពលករខ្មែរដែលបញ្ជូនទៅធ្វើការងារនៅហុងកុង នឹងអាចទទួលបានប្រាក់ខែពី៥៥០ដុល្លារឡើងទៅ ហើយពួកគេក៏ទទួលបានការធានាដល់សុវត្ថិភាពក្នុងពេលបំពេញការងារ ,ការថែទាំសុខភាព, ការឈប់សម្រាកត្រឹមត្រូវ និងការគាំពារអត្ថប្រយោជន៍ផ្សេងៗផងដែរ។
ថ្លែងក្នុងសន្និសីទកាសែត ក្រោយជំនួបរដ្ឋមន្ត្រីការងារហុងកុង នៅព្រឹកថ្ងៃទី១០ សីហា នេះ លោក អ៊ិត សំហេង បានបញ្ជាក់ថា ធ្វើយ៉ាងណាឲ្យក្រុមពលករ ដែលយើងបញ្ជូនទៅហុងកុងជាលើកដំបូងនេះ អាចនឹងក្លាយទៅជាក្រុមមួយ ដែលផ្ដល់ជាសារដ៏ល្អមួយសម្រាប់និយោជក ក៏ដូចជាពលករដទៃទៀត សម្រាប់ទីផ្សារការងាររបស់យើងនៅហុងកុង ហើយក្រៅពីនេះយើងក៏ពិភាក្សាគ្នាពីយន្តការ នៃការសហការរវាងអាជ្ញាធរហុងកុង និងអគ្គកុងស៊ុលកម្ពុជា នៅទីក្រុងហុងកុង ក្នុងការដោះស្រាយបញ្ហាផ្សេងៗ នៅពេលដែលមានបញ្ហាណាមួយកើតឡើង។
ពលករខ្មែរដែលត្រូវបញ្ជូនទៅធ្វើការនៅហុងកុង មានអាណត្តិត្រឹម២ឆ្នាំ សម្រាប់បំពេញការងារ បន្ថែមពីនេះលោក អ៊ិត សំហេង បាននិយាយថា ការបញ្ជូនពលករខ្មែរឲ្យទៅធ្វើការនៅហុងកុងនេះ មិនមែនមានន័យថា កម្ពុជាខ្វះការងារឲ្យពលករខ្មែរធ្វើការនោះទេ ប៉ុន្តែវាជាឱកាសសម្រាប់ពលករខ្មែរទៅវិញ ដែលអាចមានការងារធ្វើ និងទទួលបានប្រាក់ខែខ្ពស់ ដើម្បីជួយលើកកម្ពស់ដល់គ្រួសារ។
ខាងភាគីហុងកុង ក៏ត្រូវការកម្លាំងពលកម្ម ហើយខាងកម្ពុជាយើងក៏ត្រូវការមានឱកាសការងារល្អៗ សម្រាប់ប្រជាពលរដ្ឋយើង ជាការពិតទៅខ្ញុំចង់ជម្រាបដែរថា ការងារក្នុងប្រទេសយើងក៏មិនខ្វះកន្លែងធ្វើទេ ឱកាសការងារនៅក្នុងប្រទេសពិតជាមានច្រើន ប៉ុន្តែឱកាសនៅខាងក្រៅប្រទេសក៏មិនត្រូវរំលងដែរ ដើម្បីបើកជូនប្រជាពលរដ្ឋយើង ដែលមានបំណងទៅធ្វើការនៅខាងក្រៅ នេះជានយោបាយរបស់រដ្ឋាភិបាល។
លោក (Law Chi Kwong) រដ្ឋលេខាធិការ នៃការិយាល័យទទួលបន្ទុកវិស័យការងារ និងសុខុមាលភាពតំបន់រដ្ឋបាលពិសេសហុងកុង បាននិយាយថា ហុងកុងត្រូវការកម្លាំងពលកម្ម ដើម្បីជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ដូច្នេះការទទួលយកកម្លាំងពលករខ្មែរ ១០០០នាក់នេះ វាពិតជាមានសារៈសំខាន់សម្រាប់ដំណើការសេដ្ឋកិច្ចរបស់ហុងកុង ក៏ធានាពីលក្ខខណ្ឌការងារហុងកុង សម្រាប់ពលករកម្ពុជាដែរ។
ពលករខ្មែរ ដែលទៅធ្វើការងារនៅហុងកុង ក៏ទទួលបានប្រាក់ខែ ៥៥០ដុល្លារឡើងទៅ ដូចពលករបរទេសដទៃទៀតដែរ ហើយមានពេលឈប់សម្រាកប្រចាំសប្ដាហ៍ ឈប់សម្រាកប្រចាំឆ្នាំ និងពេលមាតុភាព។ ហុងកុងនឹងការពារពលករខ្មែរតាមផ្លូវច្បាប់ដូចគ្នា នឹងពលករដទៃទៀត ជាពិសេសហុងកុង និងសហការយ៉ាងជិតស្និតជាមួយអគ្គកុងស៊ុលកម្ពុជានៅទីនោះ ដោះស្រាយបញ្ហាពលករខ្មែរផងដែរ។
ពលករបរទេសដែលកំពុងបម្រើការតាមផ្ទះនៅប្រទេសហុងកុង មានប្រមាណ ៣៥៧,០០០ នាក់ ភាគច្រើនមកពីប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី ដែលទទួលបានសិទ្ធិ និងលក្ខណ្ឌការងារដូចទៅនឹងប្រជាជនហុងកុងដែរ។
បច្ចុប្បន្នពលករខ្មែរ ដែលទៅបម្រើការងារនៅក្រៅប្រទេសមានចំនួន ១លាន៥ម៉ឺននាក់ និងអាចរកចំណូលសរុបប្រមាណ ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ នេះបើតាមក្រសួងការងារ ដែលបានបន្ថែមថា ពលករខ្មែរកំពុងធ្វើការនៅក្រៅប្រទេសនោះមានដូចជា ប្រទេសថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន និងសិង្ហបូរីផងដែរ៕