រាជធានីភ្នំពេញ៖ បេក្ខជនណាលាក់សំណៅឯកសារ ឬគ្រឿងអេឡិចត្រូនិក ដូចជាទូរសព្ទដៃ និងប្រដាប់គិតលេខជាដើម ហើយត្រូវអនុរក្សរកឃើញ បេក្ខជននោះ នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ នេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ហង់ ជួន ណារ៉ុន នៅក្នុងពិធីជួបជាមួយអ្នកអង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយនៅសាលាតិចណូ នៅថ្ងៃទី ១៤ សីហា។
លោករដ្ឋមន្ត្រី បានពន្យល់ពីដំណាក់កាលនៃការហាមប្រាម មិនឲ្យបេក្ខជនយកសំណៅឯកសារចូលក្នុងមណ្ឌលប្រឡង និងបន្ទប់ប្រឡង ហើយដំណាក់កាលដំបូង មន្ត្រីមានសមត្ថកិច្ច នឹងឆែកឆេររកសំណៅឯកសារផ្សេងៗ នៅខ្លោងទ្វារ មុននឹងអនុញ្ញាតឲ្យបេក្ខជនចូលក្នុងមណ្ឌលប្រឡង ហើយបន្ទាប់មកដំណាក់កាលអនុរក្សហៅឈ្មោះឲ្យបេក្ខជនចូលទៅក្នុងបន្ទប់ប្រឡង នៅ ដំណាក់កាលនេះ អនុរក្សឆែកឆេរម្តងទៀត ដើម្បីដកហូតសំណៅឯកសារ ឬគ្រឿងអេឡិចត្រនិច ដូចជា ទូរសព្ទ ជាដើមទុកម្តុំសិន មុននឹងឲ្យសិស្សចូលបន្ទប់ប្រឡង។
លោករដ្ឋមន្ត្រី លើកឡើងពីដំណាក់កាលចុងក្រោយថា នៅមុនពេលអនុរក្សចាប់ផ្តើមសរសេរវិញ្ញាសា អនុរក្សនឹងប្រកាសប្រាប់បេក្ខជននៅក្នុងបន្ទប់ប្រឡងថា ប្រសិនបើបេក្ខជនណា មានសំណៅឯកសារ ឬគ្រឿងអេឡិចត្រនិច សូមយកមកប្រគល់ឲ្យខ្លួនសិន មុននឹងចាប់ផ្តើមប្រឡង។ បើបេក្ខជនណា មិនព្រមប្រគល់ឲ្យ ហើយត្រូវអនុរក្សរកឃើញនោះ នឹងត្រូវធ្លាក់ជាស្វ័យប្រវត្តិ បើទោះជាបេក្ខជនមិនបានបើកមើលក៏ដោយ ៕