រាជធានីភ្នំពេញ ៖ លោក ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ បានមានប្រសាសន៍ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ សីហា ខាងមុខនេះ អង្គភាពប្រឆាំងអំពើពុករលួយនឹងដាក់អ្នកសង្កេតការណ៍ចំនួន ៤៥១០នាក់ លើបន្ទប់ប្រឡងចំនួន៤១៥៤ បន្ទប់ទូទាំងប្រទេស អ្វីដែលជាការកត់សម្គាល់នោះ គឺអ្នកសង្កេតការណ៍មានសិទ្ធិពិសេសអាចកាន់ទូរស័ព្ទ និងអាចថតភាពមិនប្រក្រតីក្នុងមណ្ឌលបាន។
បើតាមការបញ្ជាក់របស់លោកស្រី ម៉ា សូយ៉ិនដា ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ ថា ចំនួនអ្នកសង្កេតការណ៍ស្ម័គ្រចិត្តនៅក្នុងឆ្នាំនេះ ថយចុះបើធៀបនឹងឆ្នាំ២០១៦ ដែលមានប្រមាណជាង ៦ពាន់នាក់ ហើយការថយចុះនេះ ដោយសារអង្គភាពប្រឆាំងអំពើពុករលួយ បានកំណត់ចំនួនអ្នកសង្កេតការណ៍ស្របទៅតាមបន្ទប់ប្រឡង នេះជាបទពិសោធន៍កាលពីពេលកន្លងទៅ ចំនួនអ្នកសង្កេតការណ៍ច្រើន រហូតដល់មួយបន្ទប់មានអ្នកស្ម័គ្រចិត្ត ៤ទៅ៥នាក់ ហើយគាត់ជជែកគ្នាលេងដែលរំខានដល់បេក្ខជន។
អ្នកសង្កេតការណ៍ដែលចូលរួមក្នុងការប្រឡងឆ្នាំនេះ មកពីសាកលវិទ្យាល័យនានា បុគ្គល អង្គការ ក្រុមហ៊ុនឯកជន ព្រះសង្ឃ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកសង្កេតការណ៍បរទេសចំនួន២នាក់៕