Thursday, August 17, 2017

រដ្ឋាភិបាលស៊ីរីមិនជាប់ពាក់ព័ន្ធ​ក្នុងការវាយប្រហារ ដោយអាវុធគីមីនៅ​​ស៊ីរី​


ស៊ីរី ៖ អនុរដ្ឋមន្ត្រីការបរទេសប្រទេសស៊ីរី បានថ្លែងកាលពីថ្ងៃទី១៦ សីហា​ ថា ការចោទប្រកាន់ដែលថា ការវាយប្រហារដោយអាវុធគីមី ក្នុងតំបន់ភាគខាងជើង ប្រទេសស៊ីរី កាលពីខែមេសានោះត្រូវបានធ្វើឡើង ដោយរដ្ឋាភិបាលស៊ីរីដែលដឹកនាំដោយលោក បាសារ អាល់អាសាដ មិនពិតទេ ។
អនុរដ្ឋមន្ត្រីការបរទេសប្រទេសស៊ីរី បានបញ្ជាក់ថា រដ្ឋាភិបាលប្រទេសស៊ីរី មិនសម្លាប់ប្រជាពលរដ្ឋខ្លួនឯងនោះទេ ហើយក្នុងកាលៈទេសៈណាក៏ដោយ ក៏រដ្ឋាភិបាលស៊ីរី មិនប្រើអាវុធគីមីទៅលើប្រជាពលរដ្ឋរបស់ខ្លួនដែរ ។

របាយការណ៍មួយដែលចេញផ្សាយដោយអង្គការ សម្រាប់ការហាមឃាត់អាវុធគីមីកាលពីខែមិថុនា បាននិយាយថា សារធាតុគីមីដែលត្រូវបានគេយកទៅប្រើក្នុងការវាយប្រហារ ដែលបានសម្លាប់មនុស្សចំនួន ៨៧នាក់នោះ គឺជាសារធាតុគីមីមានឈ្មោះថា «Sarin»  ប៉ុន្តែរបាយការណ៍នោះ មិនកំណត់អត្តសញ្ញាថាតើនរណាជាអ្នកធ្វើការវាយប្រហារនោះទេ ។

រដ្ឋាភិបាលស៊ីរីបានបដិសេធជាច្រើនដងហើយថា ពួកគេមិនជាប់ពាក់ព័ន្ធក្នុងការវាយប្រហានោះទេ និងបានរិះគន់របាយការណ៍នោះថា «គ្មានភាពត្រឹមត្រូវ» និង «មិនអាចទទួលយកបាន» ៕