ចិន៖ ជាប្រទេសដែលមានពលរដ្ឋច្រើនជាងគេបំផុតលើពិភពលោក ហើយតម្រូវ ការធ្វើដំណើរ របស់ពលរដ្ឋចិន ក្នុងការ បម្លាស់ទីកន្លែង ធ្វើការក៏កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនៅរដូវចូលឆ្នាំ មានពលរដ្ឋរាប់សិបលាននាក់ ត្រូវធ្វើដំណើរទៅកាន់ស្រុកកំណើតរៀងៗខ្លួន ទៅជួបជុំគ្រួសារ នៅពេលនោះចិន ត្រូវខ្វះមធ្យោបាយធ្វើដំណើរសាធារណៈ។ជាមួយនឹងការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវរថភ្លើងដែលមានល្បឿនលឿនបំផុតលើពិភពលោក ដោយរត់ចម្ងាយ៣៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយរថភ្លើងនេះ នឹងផ្តល់សេវាកម្មពីទីក្រុងប៉េកាំង ទៅទីក្រុងសៀងហៃ ចាប់ពីខែមករា សម្រាប់អ្នកធ្វើដំណើរ ដែលមានចម្ងាយ ១.២៥០គីឡូម៉ែត្រ ក្នុងរយៈពេល ៤ម៉ោង និង៣០នាទី និងផ្លូវផ្សេងទៀត កំពុងត្រូវបានបន្ថែម។
ប្រទេសចិន បានដំណើរការរថភ្លើង ជាលើកដំបូងចម្ងាយ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងខែសីហា ឆ្នាំ២០០៨ ប៉ុន្តែបានកាត់បន្ថយល្បឿនវិញ គឺចម្ងាយ ២៥០-៣០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅក្នុងឆ្នាំ២០១១ បន្ទាប់ពីមានការបុករថភ្លើង២ខ្សែ នៅជិតទីក្រុងវ៉េនចូវ ដែលបានសម្លាប់មនុស្ស ៤០នាក់ និងរងរបួស១៩១នាក់។ ប្រទេសចិន បានដាក់ផ្លូវដែកល្បឿនលឿនជាង ២០.០០០គីឡូម៉ែត្រ ជាមួយនឹងគោលដៅ នៃការបន្ថែមមួយ ១០.០០០គីឡូម៉ែត្រ នៅឆ្នាំ២០២០។ ចិនបានចំណាយប្រាក់ ប្រមាណ ៣៦០ពាន់លានដុល្លារ លើផ្លូវរថភ្លើងល្បឿនលឿន ដែលជាបណ្តាញធំជាងគេ នៅលើពិភពលោក។
ចិនទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យរថភ្លើង ដោយមានប្រទេសជាច្រើន នៅក្នុងតំបន់និងលើពិភពលោក ស្នើឲ្យចិនទៅបង្កើនផ្លូវដែក មិនតែប៉ុណ្ណោះចិនបានឡើងគម្រោងរួចរាល់នៅក្នុងការបង្កើតផ្លូវដែកឆ្លងទ្វីប ជុំវិញពិភពលោក ក្នុងនោះ នឹងមានរថភ្លើង ពីចិនទៅអឺរ៉ុប ៕