Tuesday, August 22, 2017

​​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នឹង​ផ្អាក​ការផ្គត់ផ្គង់​ទឹក ក្នុង​សង្កាត់​កា​កាប នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ចាប់ពី​ម៉ោង​៩យប់ ដល់​ម៉ោង​៤​ទៀបភ្លឺ

រាជធានីភ្នំពេញ៖ ​សេចក្ដីជូនដំណឹង​រប​ស់​​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​(PPWSA) នឹង​ផ្អាក​ការផ្គត់ផ្គង់​ទឹក ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រយៈពេល ៧​ម៉ោង នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ សីហា ចាប់ពី​ម៉ោង ​៩ ដល់​ម៉ោង ​៤​ទៀបភ្លឺ​។ ការផ្អាក​ការផ្គត់ផ្គង់​នេះ គឺ​ដើម្បី​កាត់​ភ្ជាប់​បំពង់​មេ​នាំ​ទឹក​ថ្មី ដែលមាន​ទំហំ ៥០០​មី​លី​ម៉ែត្រ នៅលើ​ផ្លូវ​សហព័ន្ធរុស្ស៊ី​។​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នឹង​ផ្អាក​ការផ្គត់ផ្គង់​ទឹក រយៈពេល ៧​ម៉ោង ពី​ម៉ោង ​៩​យប់ ដល់​ម៉ោង ​៤​ទៀបភ្លឺ ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ សីហា ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​កាត់​ភ្ជាប់​បំពង់​មេ​នាំ​ទឹក​ថ្មី​។
​សេចក្ដីជូនដំណឹង​រប​ស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នៅ​ថ្ងៃទី​២១ សីហា បាន​បញ្ជាក់ថា PPWSA  គ្រោង​កាត់​ភ្ជាប់​បំពង់​មេ​នាំ​ទឹក​ថ្មី ដែលមាន​ទំហំ ៥០០​មី​លី​ម៉ែត្រ នៅលើ​ផ្លូវ​សហព័ន្ធរុស្ស៊ី​(​ផ្លូវ​១១០) ចាប់ពី​ខាងត្បូង​នៃ​ច​ញ្ចើ​ម​ផ្លូវ​សហព័ន្ធរុស្ស៊ី កែង​នឹង​ស្តុ​ប​ផ្លូវ​២០០៤ ។ ការ​កាត់​ភ្ជាប់​បំពង់​មេ​នាំ​ទឹក​នេះ ត្រូវ​ឆ្លងកាត់​ផ្លូវ​សហព័ន្ធរុស្ស៊ី ដល់​ច​ញ្ចើ​ម​ផ្លូវ​២០១១ និង​ចាប់ពី​ខាងត្បូង​នៃ​ច​ញ្ចើ​ម​ផ្លូវ​សហព័ន្ធរុស្ស៊ី ដល់​ខាងជើង​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​រដ្ឋាករទឹក​បញ្ជាក់ទៀតថា ការងារ​ត​ភ្ជាប់​បំពង់​មេ​នាំ​ទឹក​ថ្មី​នេះ តម្រូវ​ឲ្យ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ផ្អាក​ការផ្គត់ផ្គង់​ក្នុង​រយៈ​ខ្លី​ប្រមាណ ៧ម៉ោង ដូច្នេះ​សូម​ប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមាន​ទី​លំនៅដ្ឋាន និង​ទីតាំង​ក្នុង​តំបន់​ខាងលើ  បម្រុង​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​ផ្អាក​ផ្គត់ផ្គង់​នេះ ចៀសវាង​ខ្វះ​ទឹក​ប្រើប្រាស់​៕