ម៉ាឡេស៊ី ៖ កាលពីថ្ងៃទី១៣ សីហា វេទិកាមួយដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad ដែលកំពុងព្យាយាមទម្លាក់រដ្ឋាភិបាល គឺបានក្លាយទៅជាអំពើហិង្សា ខណៈដែលអ្នកចូលរួមបានគប់ស្បែកជើងនិងកៅអីហើយបានដុតភ្លើង។ការជួបជុំនេះ គឺមានគោលបំណងផ្តោតទៅលើរឿងអាស្រូវផ្នែកហិរញ្ញវត្ថុដ៏ធំមួយ ដែលបានចោទជាបញ្ហាប្រឈមដល់លោកនាយករដ្ឋមន្ត្រី Najib Razak និងជំរុញឲ្យលោក Mahathir ដែលមានអាយុ៩២ឆ្នាំចេញមកប្រឆាំង។ ប៉ុន្តែអ្នករៀបចំកម្មវិធីឈ្មោះ Syed Saddiq Syed Abdul Rahman បានប្រាប់ថា សម្រាប់ព្រឹត្តិការណ៍ប្រហែល៩០នាទីមួយនេះក្នុងតំបន់ Shah Alam នៅជាយក្រុង Kuala Lumpur អ្នកបង្កើតបញ្ហាបានចាប់ផ្តើមគប់ស្បែកជើង កៅអីនិងដបដាក់លោក Mahathir ។
ពួកគេក៏បានដុតភ្លើងផងដែរក្នុងអំឡុងពេលដ៏ខ្លី នៃអំពើហឹង្សានៅក្នុងសាលសហគមន៍មួយ ដែលជាកន្លែងព្រឹត្តិការណ៍នេះធ្វើឡើង។ លោក Syed Saddiq បាននិយាយថា លោក Mahathir ដែលបានឆ្លើយសំណួរពីទស្សនិកជននៅពេលអំពើហិង្សាផ្ទុះឡើងគឺត្រូវបានគេនាំចេញពីអគារនិងមិនមានបញ្ហាអ្វីឡើយ។ លោកបានបន្ថែមថា យ៉ាងហោចណាស់មានមនុស្សពីរនាក់បានរងរបួស។
លោក Syed Saddiq ដែលជាប្រធានយុវជននៃគណបក្ស Bersatu ដែលទើបបង្កើតថ្មីរបស់លោក Mahathir បាននិយាយថា វាច្បាស់ណាស់ថា វាត្រូវបានបង្កើតឡើងដើម្បីបំបិទមាត់លោក Mahathir និងក្រុមប្រឆាំងប៉ុន្តែយើងនឹងមិនចុះខ្សោយដោយអំពើកំសាកទាំងនេះទេ។
ទោះបីជាយ៉ាងណាក៏ដោយ វាមិនច្បាស់ទេថាតើនរណាម្នាក់នៅពីក្រោយអំពើហិង្សានេះប៉ុន្តែវាបង្ហាញថា ភាពតានតឹងផ្នែកនយោបាយកំពុងតែកើនឡើងមុនការបោះឆ្នោតពាក់កណ្តាលឆ្នាំ២០១៨ហើយលោក Mahathir ត្រូវបានចាត់ទុកថាជាការគំរាមកំហែងដ៏ខ្លាំងសម្រាប់លោក Najib ។
លោក Mahathir ដែលជានាយករដ្ឋមន្ត្រីចន្លោះឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣ បានប្រឆាំងលោក Najib លើការចោទប្រកាន់លួចទឹកប្រាក់រាប់ពាន់លានដុល្លារ ពីមូលនិធិវិនិយោគ ១MDB របស់រដ្ឋ នៅក្នុងយុទ្ធនាការក្លែងបន្លំនិងលាងលុយកខ្វក់៕