Wednesday, August 2, 2017

តាមដងផ្លូវនៅទីក្រុងប៉ារីស មានការបើកបររថយន្ត​ចំណាស់​៧០០​គ្រឿង​

​ប៉ារីស ៖ រថយន្ត​ដែលមាន​ចំណាស់​យ៉ាងតិច​បំផុត​៣០​ឆ្នាំ ​ចំនួន​៧០០​គ្រឿង បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Traversee de Paris លើក​ទី​១០ ដែល​រៀបចំ​ដោយ​សមាគម Vincennes en Anciennes កាលពី​ចុង​សប្តាហ៍​កន្លងមក​។ ព្រឹត្តិការណ៍​នេះ ត្រូវ​រៀបចំឡើង​នៅ​រៀងរាល់​ពីរ​ឆ្នាំ​ម្តង​នៅក្នុង​ទីក្រុង​ប៉ារីស​សម្រាប់​ក្រុម​អ្នក​ស្រឡាញ់​រថយន្ត​។​
​នាំមុខ​ដោយ​រថយន្ត 403 Cabriolet រថយន្ត​ចំណាស់​សរុប​៧០០​គ្រឿង បានធ្វើ​ដំណើរ​បង្ហាញខ្លួន​លើ​ចម្ងាយ​ផ្លូវ​២៨​គីឡូម៉ែត្រ ​ក្នុង​ក្រុងប៉ារីស ចន្លោះ​ពី​វិមាន Vincennes ទៅ Meudon​។ ម្ចាស់​រថយន្ត​ត្រូវបាន​តម្រូវ​ឲ្យ​ស្លៀក​សម្លៀកបំពាក់​ទៅតាម​សម័យកាល​របស់​រថយន្ត​។​
​សម្រាប់​ព្រឹត្តិការណ៍ Traversee de Paris លើក​ទី​១០​នេះ រថយន្ត​កែច្នៃ ម៉ូតូ រួមទាំង​ត្រាក់ទ័រ ក៏បាន​ចូលរួម​ជា​កិត្តិយស​ផងដែរ ដោយ​កម្មវិធី​ចាប់​ដំណើរ​ពី​ម៉ោង​៧ និង​៣០​នាទី​ព្រឹក រហូតដល់​ថ្ងៃត្រង់​។ ក្នុងចំណោម​រថយន្ត​ទាំង​៧០០​គ្រឿង​នោះ ក៏មាន​រថយន្ត​ចំណាស់​ជាង​១​សតវត្សរ៍​ផងដែរ ដោយ​រថយន្ត​ទាំងនោះ ជា​កេរ​មតក​តៗ​គ្នា​របស់​ក្រុមគ្រួសារ​ដែល​ចូលចិត្ត​សន្សំ និង​រក្សាទុក​រថយន្ត​សម័យ​ដើម​។​

​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​កាសែត Le Parisien លោកយាយ Maria Aram រីករាយ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Traversee de Paris លើក​ទី​១០ ជាមួយ​រថយន្ត Opel 1900 GT ហើយ​នេះ​ក៏​ជា​លើក​ទី​៥​ផងដែរ ​សម្រាប់​ស្ត្រី​ចំណាស់​ជាង​៧០​ឆ្នាំ​៕