Tuesday, August 1, 2017

នគរបាលឥណ្ឌូណេស៊ី​ចាប់​ជនសង្ស័យ១៥៣​នាក់ ពីបទ​ឆបោក​លុយ​តាម​ទូរស័ព្ទ​ ចំនួន ៤៥០​លាន​ដុល្លារ​


ឥណ្ឌូណេស៊ី ៖ នគរបាល​ឥណ្ឌូណេស៊ី​ចាប់ខ្លួន​ និង​ឃុំខ្លួន​ជនសង្ស័យ​ ១៥៣​នាក់ ដែល​ឆបោក​លុយ​បាន​សរុប​៤៥០ លាន​ដុល្លារ​ ដែលជនសង្ស័យ​ទាំងនេះ ​បាន​ឆបោក​ជនរងគ្រោះ​តាមរយៈ​ទូរស័ព្ទ​ដោយ​លើកឡើង​ពី​បញ្ហា​ផ្លូវច្បាប់ ​ដែល​ជនរងគ្រោះ​ប្រឈម ហើយ​ក្រុម​ជនល្មើស​នេះ​បានទាមទារ​ឲ្យ​ជនរងគ្រោះ​បង់ប្រាក់​ឲ្យ ប្រសិនជា​ចង់​បិទបាំង​អំពើ​ល្មើសច្បាប់​របស់ខ្លួន​នោះ​។​ កាលពីថ្ងៃ​ចន្ទ​ទី​៣១ កក្កដា ជនសង្ស័យ​១៥៣​នាក់ ​ដែល​ភាគច្រើន​ជា​ជន​ជាតិចិន ​លាក់ខ្លួន​នៅ​ឥណ្ឌូណេស៊ី​ ត្រូវ​ចាប់ខ្លួន​ដោយសារ​ឆបោក​លុយ​ពី​ជន​ជាតិចិន​ដូចគ្នា​។
អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​អះអាងថា ក្រុម​ជនសង្ស័យ​ឆ្លើយឆ្លង​ជាមួយ​ជនរងគ្រោះ​ តាមរយៈ​ទូរស័ព្ទ ដោយ​ប្រាប់​ពី​អំពើ​ល្មើសច្បាប់​ដែល​ជនរងគ្រោះ​បាន​ប្រព្រឹត្ត ហើយ​បើសិនជា​ពួកគេ​ចង់​បិទបាំង​អំពើ​ល្មើសច្បាប់​របស់ខ្លួន ពួកគេ​ត្រូវតែ​បង់ប្រាក់​ឲ្យ​ជនសង្ស័យ​ទាំងនេះ​។​

នគរបាល​ឥណ្ឌូណេស៊ី​បញ្ជាក់ថា ក្នុងចំណោម​ជនសង្ស័យ​១៥៣​នាក់ ​មាន​ជនជាតិ​ចិន ១៤៨​នាក់ រីឯ​៥​នាក់​ទៀត​ជា​ជនជាតិ​ឥណ្ឌូណេស៊ី​ រីឯជនសង្ស័យ​ទាំងនោះ ​ត្រូវនគរបាល​ឥណ្ឌូណេស៊ី​ចាប់ខ្លួន​ ក្នុងពេល​មានការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​នៅ​ក្រុង Surabaya រួមទាំង​កោះ Batam និង​Bali ផងដែរ​។​

 អ្នកនាំពាក្យ​ប៉ូលិស​ឥណ្ឌូណេស៊ី​លោក Argo Yuwono បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ថា ​នេះ​ជា​រឿងក្ដី​បោកប្រាស់​តាម​ទូរស័ព្ទ ហើយ​ព័ត៌មាន​នេះ​យើង​ទទួលបាន​ពី​ទីភ្នាក់ងារ​នគរបាល​ចិន ​​ដូច្នេះហើយ​នេះ​ជាការ​ស្រាវជ្រាវ​រួម​រវាងនគរបាលឥណ្ឌូណេស៊ី និង​ចិន​។​

​លោក​Yuwono បាន​ពន្យល់​បន្ថែមទៀត​ថា អ្នក​ឆបោក​ជា​ជន​ជាតិចិន អ្នករងគ្រោះ​ក៏​ជា​ជន​ជាតិចិន​ដែរ​ គ្រាន់តែ​ជនសង្ស័យ​ឆបោក​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​នេះ ​ធ្វើ​សកម្មភាព​នៅ​ឥណ្ឌូណេស៊ី​តែប៉ុណ្ណោះ​។ ជនរងគ្រោះ​ទាំងអស់​សុទ្ធតែជា​មន្ត្រីជាន់ខ្ពស់ និង​អ្នកជំនួញ​មានទ្រព្យ​ស្ដុកស្ដម្ភ​ចិន ហើយ​ចាប់តាំងពី​ដើមឆ្នាំ​មក ​ជនសង្ស័យ​បោក​បាន​ប្រាក់​ចំនួន ៤៥០​លាន​ដុល្លារ​ឯណោះ​។​

​ជនសង្ស័យ​ក្លែងបន្លំ​ខ្លួន​ជាម​ន្ត្រី​អគ្គ​រដ្ឋអាជ្ញា ឬ​នគរបាល ហើយ​បាន​ទូរស័ព្ទ​ប្រាប់​ទៅ​ជនរងគ្រោះ​ ពី​អំពើ​ល្មើសច្បាប់​ពួកគេ​បាន​ប្រព្រឹត្ត​ ប៉ុន្តែ​ពួកគេ​ប្រាប់ថា រឿងក្ដី​នេះ​អាច​ច​ចារ​គ្នា​បាន បើសិនជា​ជនរងគ្រោះ​បង់ប្រាក់​ឲ្យ​នោះ​។​

​គួរ​បញ្ជាក់ដែរថា ជនសង្ស័យ​ជនជាតិ​ចិន​ទាំងនេះ​ ឆ្លងដែន​ចូល​ឥណ្ឌូណេស៊ី​ដោយ​ប្រើប្រាស់​ទិដ្ឋាការ​ជា​អ្នកទេសចរ ហើយ​ជនសង្ស័យ​មួយចំនួនធំ ​នឹងត្រូវ​ប្រគល់​ទៅ​ឲ្យ​ក្រសួងអន្តោប្រវេសន៍ ហើយ​ពួកគេ​ក៏​ប្រហែលជា​នឹង​ត្រូវគេ​បញ្ជូនទៅ​ស្រុក​កំណើត​វិញ​៕