Wednesday, August 2, 2017

​រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន សម្រេចដាក់ទណ្ឌកម្ម ទៅលើលោកប្រធានាធិបតីវេណេហ្ស៊ូអេឡា

អាមេរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១​ កក្កដា បានដាក់ទណ្ឌកម្ម ទៅលើប្រធានាធិបតីវេណេហ្ស៊ូអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បន្ទាប់ពីរដ្ឋបាលមួយនេះ បានធ្វើសន្និបាតរដ្ឋធម្មនុញ្ញជាតិថ្មីមួយ (ANC) កាលពីថ្ងៃអាទិត្យ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧។
ក្រសួងរតនាគារអាមេរិក បានដកស្រង់សម្តីរបស់លោក Steven Mnuchin បានឲ្យដឹងថា  តាមរយ:ការដាក់ទណ្ឌកម្មនេះ អាមេរិកគឺចង់បង្ហាញឲ្យឃើញយ៉ាងច្បាស់ នូវការជំទាស់របស់ខ្លួន ចំពោះគោលនយោបាយនៃរបបរបស់លោក ម៉ាឌូរ៉ូ ។ បានព្រមានទៀតថា នរណាក៏ដោយ ដែលចូលរួមក្នុងសន្និបាតរដ្ឋធម្មនុញ្ញជាតិ (ANC) គឺអាមេរិកអាចនឹងដាក់ទណ្ឌកម្មពួកគេដូចគ្នាផងដែរ នាពេលខាងមុខ។
សម្រាប់ការដាក់ទណ្ឌកម្មនេះ គឺទ្រព្យសម្បត្តិទាំងអស់របស់លោក នីកូឡាស់ ម៉ាឌូរ៉ូ នឹងត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់អាមេរិក ហើយបន្ថែមពីនោះទៀត រាល់មនុស្សទាំងអស់នៅអាមេរិក ត្រូវបានហាមឃាត់ មិនឲ្យទាក់ទងជាមួយលោកទ្បើយ។ បើទោះជាមានការជំទាស់ពីគណបក្សប្រឆាំង នៅក្នុងប្រទេស និងការដាក់ទណ្ឌកម្មរបស់អាមេរិក យ៉ាងណាក៏ដោយ ក៏សន្និបាតរដ្ឋធម្មនុញ្ញជាតិថ្មីមួយ ត្រូវបានបង្កើតឡើងតាមការចង់បានរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ បន្ទាប់ពីលោកបានអះអាងពីជ័យជំនះក្នុងការបោះឆ្នោត៕