Thursday, August 17, 2017

ពុលត្រីកំពត ស្លាប់ម្នាក់ និងនិងប្រាំមួយនាក់ទៀតសង្រ្គោះទាន់ពេល

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅក្នុងភូមិស្មាច់ ឃុំទឹកជោ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានបុរសជាអ្នកនេសាទម្នាក់ ដាក់លបមុខ១០០ បានត្រីកំពតច្រើន នាំបងប្អូនបំពងយកក្លែមស្រា បណ្តាលឲ្យពុលស្លាប់ខ្លួនឯង និងប្រាំមួយនាក់ទៀតសង្គ្រោះទាន់ពេល។ ជនរងគ្រោះពុលរហូតដល់ស្លាប់ មានឈ្មោះ ឡេង ប៊ុនលឿត ភេទប្រុស អាយុ៣០ឆ្នាំ ចំណែកប្រាំមួយនាក់ផ្សេងទៀតដែលរងការពុលត្រីកំពតនេះដែរ មានទី១.ឈ្មោះ ជួន ចាន់ ភេទប្រុស អាយុ៤២ឆ្នាំ, ទី២.ឈ្មោះ គូ ទីប ភេទស្រី អាយុ៥២ឆ្នាំ, ទី៣.ឈ្មោះ ចាន់ រាត្រី ភេទស្រី អាយុ១២ឆ្នាំ, ទី៤.ឈ្មោះ ចាន់ វិជ្ជា ភេទប្រុស អាយុ១៧ឆ្នាំ, ទី៥.ឈ្មោះ ផាន់ សុផាត់ ភេទប្រុស អាយុ១៤ឆ្នាំ និងទី៦.ឈ្មោះ ផាន់ រ័ត្ន ភេទប្រុស អាយុ១៣ឆ្នាំ ត្រូវបាននាំមកសង្គ្រោះនៅមន្ទីរពេទ្យឯកជន មួយកន្លែងកណ្តាលទីរួមខេត្តបន្ទាយមានជ័យ ។

តាមការឲ្យដឹងពីជនរងគ្រោះម្នាក់ ក្នុងចំណោមប្រាំមួយនាក់ បានឲ្យដឹងថា មុនកើតហេតុពុលព្រោងព្រាតនេះ គឺជនរងគ្រោះដែលបានស្លាប់ បានដាក់ឡូបមុខ១០០ នៅក្នុងបឹងមួយកន្លែង ក្នុងភូមិកើតហេតុ បានត្រីកំពតជាច្រើន ហើយក៏នាំគ្នាបំពងក្លែមស្រា ហើយជនរងគ្រោះជាអ្នករកបានហូបច្រើនជាងគេ ប្រមាណជា២០ត្រី លុះប្រមាណជាមួយម៉ោងក្រោយមក ទាំងខ្លួន និងបងប្អូនដទៃទៀតខាងលើ  ស្រាប់តែមានអាការៈ អស់កម្លាំង ស្ពឹកដៃជើង ក្អួតចង្អោរ រហូតដល់ម៉ោង១២យប់ដោយអាការៈកាន់តែធ្ងន់ធ្ងរ ក៏ត្រូវបានបញ្ជូនជាបន្តបន្ទាប់មកពេទ្យឯកជន ក្នុងទីរួមខេត្តបន្ទាយមានជ័យ តែអកុសលជនរងគ្រោះ ដែលស្លាប់ខាងលើបានដាច់ខ្យល់ស្លាប់តាមផ្លូវ ។

ដោយឡែកបើតាមការឲ្យដឹងពីគ្រូពេទ្យ បានឲ្យដឹងថា ជនរងគ្រោះពិតជាមានអាការៈពុលពិតមែន តែរឿងពុលស្រា ឬត្រី ខាងជនរងគ្រោះនិយាថា ពួកខ្លួនពុលត្រីកំពត ព្រោះក្មេងៗដែលពុំបានផឹកស្រាញ៉ាំតែត្រីកំពត ក៏មានអាការៈដូចគ្នា ។

ជុំវិញហេតុការណ៍នេះ សមត្ថកិច្ច និងខាងមន្ទីរសុខាភិបាល បានចុះពិនិត្យ និងសាកសួរជនរងគ្រោះរួចអស់ហើយ តែពុំទាន់មានការបញ្ចាក់ថា ការពុលនេះ បណ្តាលមកពីអ្វីនោះឡើយ ៕