Thursday, July 27, 2017

ថៃ ឬ​ឥណ្ឌូណេស៊ី អាចធ្វើជា​ម្ចាស់ផ្ទះ​ Sea Games លើក​ទី៣០ ឆ្នាំ​២០១៩ ​ជំនួស​ហ្វីលីពីន

ហ្វីលីពីន ៖ បន្ទាប់ពី​ហ្វីលីពីនសម្រេចចិត្ត​បោះបង់ចោល​ការធ្វើ​ម្ចាស់ផ្ទះ Sea Games លើក​ទី៣០ ឆ្នាំ​២០១៩ គឺមាន ​ថៃ និង​ឥណ្ឌូណេស៊ី ជា​បេក្ខភាព​ឈានមុខ​គេ ។
​តាមពិតទៅ​ហ្វីលីពីន​បានទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​កីឡាSea Games ឆ្នាំ​២០១៩ ក្រោយ​ឈ្នះ​ការបោះឆ្នោត​កាលពី​ឆ្នាំ ២០១៥​ ប៉ុន្តែ​ក្រោយមក​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ បានសម្រេច​មិន​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​នេះ​វិញ ​ដោយសារ​បច្ចុប្បន្នកំពុង​មាន​ជម្លោះ​ជាមួយ​ក្រុម​ភេរវជន​នៅ​ទីក្រុង Marawi ដែល​ស្ថិតនៅលើ​កោះ Mindanao ប្រទេស​ហ្វីលីពីន​។
​ដោយសារ​ហេតុផល​ខាងលើ​នេះហើយ ទើប​ហ្វីលីពីន​ដកខ្លួន និង​ចង់​ឲ្យ ​ថៃ ឬ​ឥណ្ឌូណេស៊ី ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ប្រចាំ​តំបន់​អាស៊ី ឆ្នាំ​២០១៩ ជំនួស​វិញ​។ មួយវិញទៀត​ថវិការ​ដែល​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​នេះ នឹងត្រូវ​យកទៅជួយ​ដល់​ប្រជាជន និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីក្រុង Marawi វិញ​។​

​សម្រាប់​ភាគី​ថៃ និង​ឥណ្ឌូណេស៊ី ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​បេក្ខភាព​ល្អ​ជាងគេ​ ដើម្បី​ជំនួស​តំណែង​នេះ ត្រូវបញ្ជូន​ការដេញថ្លៃ​រៀងៗ​ខ្លួន ​ទៅកាន់​សហព័ន្ធ​កីឡា​ស៊ី​ហ្គេម​មុនពេល​ពិធី​បិទ​ការប្រកួត​កីឡា Sea Games លើក​ទី២៩ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ពីថ្ងៃ​ទី ១៩ ដល់ ៣១ ខែសីហា ឆ្នាំ​២០១៧ ខាងមុខនេះ​។​

​សូមបញ្ជាក់ថា​ ថៃ​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើកចុងក្រោយ​នៅ​ឆ្នាំ​២០០៧ ខណៈ​ឥណ្ឌូណេស៊ី​ធ្វើ​ម្ចាស់ផ្ទះ​លើកចុងក្រោយ​ឆ្នាំ​២០១១​។ លើសពីនេះ​ឥណ្ឌូណេស៊ី​នឹង​ត្រូវមាន​ភារកិច្ច​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អាស៊ី Asian Games លើក​ទី​១៨ នៅ​ឆ្នាំក្រោយ​ថែម​ទៀតផង​៕