Thursday, July 27, 2017

យុទ្ធនាការផាក ១៥០០០រៀល ជូនមួកសុវត្ថិភាពមួយ

រាជធានីភ្នំពេញ៖ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដោយការមិនពាក់មួកសុវត្ថិភាព ក្រសួងសាធារណការ និងដឹកជញ្ជូន សំនូមពរ​ សហការជាមួយសមត្ថកិច្ច ស្នើរៀបចំយុទ្ធនាការផាកពិន័យនៅពេលកំណត់ណាមួយ​ ហើយចែកមួកសុវត្ថិភាព ដែលអាចធ្វើឡើងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តធំៗ​ នេះបើយោងតាមយោបល់របស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដាក់ស្នើទៅ គណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្នុងរបាយការណ៍សង្ខេប ស្តីពីលទ្ធផលនៃកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តន៍ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី ១ ឆ្នាំ ២០១៧ កាលពីថ្ងៃទី២៧ ខែកក្កដា​ ឆ្នាំ២០១៧។
ក្នុងយុទ្ធនាការផាក ១៥០០០រៀល ផ្តល់ជូនមួកសុវត្ថិភាព អាចនឹងធ្វើឡើងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តធំៗ ខណ:ក្រសួងសាធារណការ និងដឹកជញ្ជូន មានមួកសុវត្ថិភាពចំនួន ១០០០មួក ដែលបានសុំពីក្រុមហ៊ុនឯកជនឲ្យជួយឧបត្ថម្ភ សម្រាប់ចែកជូនក្នុងយុទ្ធនាការនេះ។

សម្តេចក្រឡាហោម ស ខេង ប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្នើឲ្យមានការជម្រុញអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីអត្ថប្រយោជន៍នៃមួកសុវត្ថិភាពនេះ នឹងត្រូវអំពាវនាវសប្បុរសជន ក្នុងការជួយឧបត្ថម្ភ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលខ្វះខាតថវិកា ក្នុងការទិញមួកសុវត្ថិភាព៕