Monday, July 31, 2017
ព្យុះទីហ្វុងទី៩ ឈ្មោះ Nesat វាយប្រហារ និងធ្វើឲ្យបាក់ដីនៅខេត្ត Fujian ភាគអាគ្នេយ៍ នៃប្រទេសចិន
ចិន៖ ព្យុះទីហ្វុងទី៩ ឈ្មោះ Nesat ដែលបានវាយប្រហារ និងបង្កឲ្យបាក់ដីនៅខេត្ត Fujian ភាគអាគ្នេយ៍នៃប្រទេសចិន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។
អាជ្ញាធរឧតុនិយមក្នុងស្រុក បានឱ្យដឹងថា ខ្យល់ព្យុះទី៩ Nesat មានល្បឿនអតិបរមារហូតដល់៣៣ម៉ែត្រ ក្នុងមួយវិនាទី និងវាយប្រហារនៅទីក្រុងឆ្នេរសមុទ្រ Fuqing កាលពីវេលាម៉ោង ៦ព្រឹក បន្ទាប់ពីធ្វើដំណើរឆ្លងកាត់កោះ Pingtan ។
រដ្ឋាភិបាលក្នុងតំបន់ Fuqing បានបញ្ជាឲ្យមន្រ្តី និងអ្នកស្ម័គ្រចិត្តបង្កើនការល្បាត ដើម្បីធានាសុវត្ថិភាព របស់ប្រជាជន ក្នុងតំបន់នៅពេលភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារទីក្រុង។ ខ្យល់ព្យុះទី៩ Nesat បានចុះខ្សោយឥទ្ធិពលទៅកាន់តំបន់ខ្ពង់រាបត្រូពិច និងបានបន្តចុះខ្សោយឥទ្ធិពល នៅពេលធ្វើដំណើរទៅកាន់ទិសពាយព្យ ដោយល្បឿនពី១៥គីឡូម៉ែត្រ ទៅ២០គីឡូម៉ែត្រប៉ុណ្ណោះ ក្នុងមួយម៉ោង។
មជ្ឈមណ្ឌលឧតុនិយមជាតិបានឲ្យដឹងថា ព្យុះទីហ្វុង Haitang ដែលជាព្យុះទីហ្វុងទី១០ ក្នុងឆ្នាំនេះ ត្រូវព្យាករណ៍ថា នឹងចូលមកដល់នៅភាគខាងត្បូងកោះតៃវ៉ាន់ នៅយប់ថ្ងៃអាទិត្យ និងវាយប្រហារជាលើកទីពីរ នៅកន្លែងណាមួយរវាងតំបន់ Xiapu និង Jinjiang ក្នុងខេត្ត Fujian នាព្រឹកថ្ងៃចន្ទ ទី៣១ ខែកក្កដា។
ការិយាល័យគ្រប់គ្រងគ្រោះទឹកជំនន់ខេត្តបាននិយាយថា ព្យុះទីហ្វុងទាំងពីរនេះ ត្រូវបានគេរំពឹងថា នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់ព្យុះខ្លាំងៗ ទៅកាន់ខេត្តឆ្នេរសមុទ្រ។ ទឹកភ្លៀងនៅតំបន់ខ្លះ អាចឡើងដល់៥០០ មីលី្លម៉ែត្រ និងតំបន់ភ្នំអាចប្រឈមនឹងហានិភ័យខ្ពស់ទៅនឹងគ្រោះធម្មជាតិ។ គិតត្រឹមថ្ងៃសៅរ៍ ទី២៩ កក្កដា មនុស្សប្រហែល២៧.០០០ នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាពពីកសិដ្ឋានចិញ្ចឹមត្រីនៅហ្វូជៀន។
អាជ្ញាធរមូលដ្ឋានក៏បានពន្យារពេល មិនឲ្យអ្នកនេសាទចេញទៅសមុទ្ររហូតដល់ថ្ងៃទី១ សីហា ៕
Labels:
ព័ត៌មានអន្តរជាតិ