កូរ៉េខាងជើង៖ នៅថ្ងៃទី២៩ កក្កដា កូរ៉េខាងជើងបានសាកល្បងមីស៊ីលឆ្លងទ្វីប (ICBM ) ប្រភេទ Hwasong-14 ជាលើកទីពីរ ដោយជោគជ័យ បាញ់ចំគោលដៅនៅចម្ងាយ ៩៩៨គីឡូម៉ែត្រ ប្រើរយៈពេល ៤៧នាទីនិង១២វិនាទី។
មីស៊ីលឆ្លងទ្វីប Hwasong-14 អាចបាញ់បានចម្ងាយដល់ទៅ៣.៧២៤,៩គីឡូម៉ែត្រ វាយប្រហារនៅគ្រប់គោលដៅនៅឆ្ងាយ ហើយការសាកល្បងនេះ ធ្វើឡើងតាមបទបញ្ជារបស់មេដឹកនាំគីម ជុងអ៊ុន ។ កន្លងមកមេដឹកនាំកូរ៉េខាងជើង បានប្រកាសថា កម្មវិធីអភិវឌ្ឍន៍កាំជ្រួចមីស៊ីល គឺជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន ហើយមិនអាចផ្អាកឬ បញ្ឈប់នោះឡើយ។
លោកគីម ជុងអ៊ុន បានបញ្ចាក់ថា ការសាកល្បងមីស៊ីលនាពេលនេះ គឺជាការព្រមាន ដល់អាមេរិក យ៉ាងមឹងមាត់បំផុត។ ការសាកល្បងដោយជោគជ័យ បានបង្ហាញថា នៅគ្រប់ទីកន្លែងក្នុងទឹកដីអាមេរិក គឺស្ថិតនៅក្នុងគោលដៅវាយប្រហាររបស់មីស៊ីលឆ្លងទ្វីបកូរ៉េខាងជើង។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំង ដល់ការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ដែលអាចវាយប្រហារនៅគ្រប់ទិសទីជុំវិញពិភពលោក។ នៅក្នុងសេចក្តីប្រកាសមួយអ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Farhan Haq បញ្ចាក់ថា នេះជាសកម្មភាព បំពានច្បាប់របស់កូរ៉េខាងជើង។
អ្នកនាំពាក្យអង្គការសហប្រជាជាតិបានបញ្ចាក់ថា «មេដឹកនាំកូរ៉េខាងជើង ចាំបាច់ត្រូវតែគោរពច្បាប់អន្តរជាតិ និងសហការជាមួយសហគមន៍អន្តរជាតិ ក្នុងការដោះស្រាយវិវាទដែលនៅសេសសល់ ក្នុងឧបទ្វីបកូរ៉េ។
ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំ បានថ្កោលទោសយ៉ាងខ្លាំង ដល់ការសាកល្បងមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង ដោយចាតទុកថាជាសកម្មភាព ឌឺដង ដ៏គ្រោះថ្នាក់ ធ្វើឲ្យកូរ៉េខាងជើង កាន់តែនៅឯកា។
នៅក្នុងសេចក្តីប្រកាស លោកត្រាំ បានបញ្ចាក់ថា «អាមេរិកថ្កោលទោសយ៉ាងខ្លាំង ដល់សកម្មភាពសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ។ សកម្មភាពបែបនេះ មិនមែនជាការធានាដល់សន្តិសុខកូរ៉េខាងជើង នោះឡើយ ផ្ទុយទៅវិញ វាបំផ្លាញសន្តិសុខប្រទេសនេះ»។
ជាមួយគ្នានេះមន្ទីបញ្ចកោណអាមេរិក បានប្រកាសថា កូរ៉េខាងជើង ពិតជាបានសាកល្បងមីស៊ីលឆ្លងទ្វីប ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក បានបញ្ចាក់ថា មីស៊ីលរបស់កូរ៉េខាងជើង បានហោះហើរ ចម្ងាយជិត ១០០០គីឡូម៉ែត្រ ហើយធ្លាក់ចូលសមុទ្រជប៉ន ។
កូរ៉េខាងជើង បានសាកល្បងមីស៊ីល១២លើក ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៧ មកទល់ពេលនេះ។ ប៉ុន្តែការសាកល្បងមីស៊ីលឆ្លងទ្វីប ទើបធ្វើឡើង បានតែពីរដងប៉ុណ្ណោះ គឺលើកទី១ នៅថ្ងៃទី៤ ខែកក្កដា និងលើកទីពីរ នៅថ្ងៃទី២៩ ខែកក្កដា ៕