ឥណ្ឌា ៖ ជំងឺផ្តាសាយជ្រូក H1N1 បានសម្លាប់មនុស្សយ៉ាងតិច ៦៣២ នាក់ នៅទូទាំងប្រទេសឥណ្ឌា ឆ្នាំ២០១៧ ដែលនេះបានបង្ហាញឲ្យឃើញនូវការឆ្លងកាន់តែច្រើនជាងឆ្នាំមុន ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយរបស់ប្រទេសឥណ្ឌា គិតមកត្រឹមថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៧ ជំងឺផ្តាសាយជ្រូក H1N1 បានយាយីដល់មនុស្សជាងមួយ១៣០០០នាក់ និងបណ្តាលឲ្យមានអ្នកស្លាប់ចំនួន ៦៣២នាក់ នៅទូទាំងប្រទេស
ខណៈដែលកាលពីឆ្នាំមុនមានអ្នកឆ្លងជំងឺនេះ តែជាង១៧០០នាក់ប៉ុណ្ណោះ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ២៦៥នាក់ ។
មេរោគដែលបណ្តាលឲ្យមានជំងឺផ្តាសាយជ្រូកនេះ បានចម្លងពីមនុស្ស ទៅមនុស្ស តាមរយៈទឹកមាត់ និងសំបោរ ។
អ្នកប្រឹក្សាជាន់ខ្ពស់ម្នាក់នៅមន្ទីរពេទ្យមួយបាននិយាយថា ក្រុមការងារមួយក្រុម ដែលត្រូវបានបង្កើតឡើងដោយអាជ្ញាធរក្នុងតំបន់ ត្រូវបានដាក់ពង្រាយនៅក្នុងរដ្ឋ ម៉ាហារ៉ាស់ត្រា ជាតំបន់ដែលមានអ្នកស្លាប់ដោយសារជំងឺផ្តាសាយជ្រូកច្រើនជាងគេ ដើម្បីស្វែងរកមូលហេតុដែលបណ្តាលឲ្យមានការរីករាលដាលជំងឺនេះយ៉ាងឆាប់រហ័ស ៕