បាងកក ៖ ក្រុមឧក្រិដ្ឋជនចិន និងតៃវ៉ាន់ ៤៤នាក់ ត្រូវបានចាប់ខ្លួន ដោយតម្រួតថៃ ពាក់ព័ន្ធនឹងការជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើណេត មានចំនួនទឹកប្រាក់ ៣លានដុល្លារអាមេរិក ពីជនរងគ្រោះជាច្រើននាក់ កាលពីថ្ងៃទី២៥ កក្កដា ២០១៧។ ការឆ្មក់ចូលបង្ក្រាបនេះ ធ្វើឡើងនៅតាមលំនៅដ្ឋាននានា នៅទីក្រុងបាងកក និងនៅទីក្រុងទេសចរណ៍ផាត់តាយ៉ា ដោយចាប់បានក្រុមឧក្រិដ្ឋជន ដែលមានគោលដៅចាប់ជំរិតទារប្រាក់នៅក្នុងប្រទេសចិន។ ជាមួយគ្នានោះដែរ ក្រុមតម្រួតថៃក៏បានរឹបអូសយកប្រព័ន្ធទូរស័ព្ទ ដែលត្រូវបានប្រើប្រាស់សម្រាប់ហៅទៅជំរិតប្រាក់ពីជនរងគ្រោះ ទន្ទឹមនោះតម្រួតថៃរកឃើញថា មនុស្ស១២០នាក់ បានធ្លាក់ទៅជាជនរងគ្រោះ នៃការជំរិតប្រាក់ជិត ៣លានដុល្លារអាមេរិក។
បើតាមការបញ្ជាក់ពីតម្រួតថៃបានឲ្យដឹងថា ជនសង្ស័យ១៩នាក់ មកពីប្រទេសចិន ហើយ២៥នាក់ទៀតមកពីកោះតៃវ៉ាន់៕ AFP