Tuesday, July 25, 2017

លោកត្រាំ ត្រូវបង្ខំចិត្តចុះហត្ថលេខាដាក់ទណ្ឌកម្មទៅលើរុស្ស៊ី

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បើទោះបីមិនចង់ ក៏ត្រូវតែចុះហត្ថលេខាដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីដែរ ក្រោយពេលពេលដែលរដ្ឋសភា និងព្រឹទ្ធសភាអាមេរិកបានអនុម័ត ដាក់ទណ្ឌកម្ម ទៅលើរុស្ស៊ីពាក់ព័ន្ធនឹងការបោះឆ្នោតអាមេរិកនៅឆ្នាំ២០១៦។
កាលពីថ្ងៃទី២៤ កក្កដា សភាអាមេរិកបានបោះឆ្នោតអនុម័តដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ី អីរ៉ង់ និងកូរ៉េខាងជើងបន្ថែម ហើយនៅពេលនេះសេតវិមានក៏បានឯកភាពទៅលើការសម្រេចនោះដែរ។ ហេតុការណ៍ទាំងនោះកើតឡើង នៅក្នុងពេលដែលលោក ត្រាំ និង លោក ពូទីន មានទំនាក់ទំនងល្អជាមួយគ្នា។

ការធ្វើវិសោធនកម្មថ្មីនេះ អំពាវនាវឲ្យមានការដាក់ទណ្ឌកម្មថ្មី ទៅលើប្រទេសរុស្ស៊ី នៅក្នុងការជាប់សង្ស័យពីការចូលជ្រៀតជ្រែក នៅក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០១៦ និងរាប់បញ្ចូលទាំងទណ្ឌកម្ម ​ដែលអនុម័តដោយសភា នៅក្នុងខែឧសភា ដើម្បីដាក់ទោសដល់ប្រទេសកូរ៉េខាងជើង ដែលមានសកម្មភាពក្នុងការបាញ់មីស៊ីល និងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

សម្រាប់ច្បាប់ថ្មីនេះ នឹងត្រូវបោះឆ្នោត ដើម្បីអនុម័តចុងក្រោយ នៅថ្ងៃអង្គារទី២៥ កក្កដា បើសិនជាបានអនុម័តរួចរាល់មែននោះ ព្រឹទ្ធសភានឹងធ្វើការបោះឆ្នោតមួយផ្សេងទៀត មុនពេលបញ្ជូនទៅដល់ នីតិប្បញ្ញត្តិ ដើម្បីឲ្យមានការចុះហត្ថលេខាពីប្រធានាធិបតី ៕