Tuesday, July 25, 2017

ពលករ​ខ្មែរ​អាចធ្វើការស្របច្បាប់នៅ​ប្រទេស​ថៃបាន ត្រូវបំពេញ​នីតិវិធី​៣​ដំណាក់កាល ដើម្បី​បាន​ភាពស្របច្បាប់


រាជធានី​ភ្នំពេញ​៖ ពលករ​ខ្មែរ​អាចធ្វើការស្របច្បាប់នៅ​ប្រទេស​ថៃបាន ត្រូវបំពេញ​នីតិវិធី​៣​ដំណាក់កាល គឺ​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី​២៤​ កក្កដា ដល់​ថ្ងៃទី​៣១​ ធ្នូ​ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាកា​រ​ផ្ដល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា  ចេញផ្សាយនៅ​ថ្ងៃទី ២៤ កក្កដា​។​
​ពលករ​កម្ពុជា ដែល​កំពុងស្នាក់នៅ​ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ​ដែល​មិនមាន​ឯកសារ ឬ​ដែល​ធ្លាប់ជា​ពលករ​ស្របច្បាប់ ប៉ុន្តែ​បាន​ផ្លាស់ប្ដូរ ឬ​មិនបាន​បំពេញ​នីតិវិធី​នានា ​របស់​ភាគី​ថៃ ​ហើយ​ក្លាយទៅជា​ពលករ​មិន​ស្របច្បាប់ ត្រូវ​រួសរាន់​មក​បំពេញ​នីតិវិធី​តាម​ដំណាក់​កាលដែល​បានកំណត់​ទុក​។

​ដំណាក់កាល​ទី​១-ចាប់ពី​ថ្ងៃទី​២៤ កក្កដា ដល់​ថ្ងៃទី​៧​ សីហា​ គឺជា​ដំណាក់​កាលដែល​ពលករ​ត្រូវ​ព្យាយាម​ពន្យល់​ថៅកែ​ ឲ្យ​ចុះឈ្មោះ​ខ្លួន នៅ​ការិយាល័យ​ស្រង់​ទិន្នន័យ​ពលករ​បរទេស របស់​ក្រសួង​ការងារ​ថៃ ទាំង​៩៧​ការិយាល័យ​, ដំណាក់កាល​ទី​២-ចាប់ពី​ថ្ងៃទី​៨ សីហា ដល់​ថ្ងៃទី​៩ កញ្ញា គឺជា​រយៈពេល​ដែល​ពល​ករ​ត្រូវ​ទៅ​បង្ហាញខ្លួន ​នៅ​ការិយាល័យ​ណាមួយ​ នៃ​ការិយាល័យ​ទាំង​៩៧ការិយាល័យ និងដំណាក់កាល​ទី​៣-គឺ​ចាប់ពី​ថ្ងៃទី​១០​ កញ្ញា​ ដល់​ថ្ងៃទី​៣១​ ធ្នូ គឺជា​រយៈពេល​ដែល​ពល​ករ​ត្រូវ​ស្នាក់នៅ និង​រង់ចាំ​ធ្វើការ​បញ្ជាក់​អត្តសញ្ញាណ​ ពី​គណៈកម្មការ​ផ្ដល់​ភាពស្របច្បាប់ ក៏ដូចជា​ស្នើសុំ​ការអនុញ្ញាត​ឲ្យ​រស់នៅ និង​ធ្វើការ ពី​មន្ត្រី​អន្តោប្រវេសន៍​ថៃ និង​ក្រសួង​ការងារ​ថៃ​។
បញ្ជាក់៖ ​ពលករ​ខ្មែរ​អាច​ទំនាក់ទំនង​មក​លេខ​ទូរ​ស័ព្ទ +៦៦ ៨៦ ៧៩៩ ៩៩៥៧ ឬ +៦៦ ៩៤ ០៩២ ៥៩០៥ ដើម្បីសាកសួរបន្ថែម៕