Monday, July 24, 2017

ពលរដ្ឋគួរប្រុងប្រយ័ត្នវីរុសផ្តាសាយបក្សីថ្មី H7N9 មាននៅចិន ឡាវ និងវៀតណាម



រាជធានីភ្នំពេញ៖  ជំងឺផ្តាសាយបក្សីប្រភេទថ្មីឈ្មោះថា H7N9 នៅប្រទេសចិន ព្រំដែនឡាវខាងជើង និងវៀតណាមនោះ ក្រសួងសុខាភិបាលកម្ពុជាបានស្នើឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន និងការពារនូវជំងឺប្រភេទនេះ ។
នេះជាវីរុសប្រភេទថ្មីទៀត បន្ទាប់ពីកម្ពុជាធ្លាប់បានរីករាលដាល នូវជំងឺផ្តាសាយបក្សី H5N1 ដោយបានឆ្លងទៅមនុស្ស និងមាន់ ទា ។ ក្នុងនោះមានពលរដ្ឋខ្លះព្យាបាលជាសះស្បើយ និងមានខ្លះក៏បាត់បង់ជីវិតផងដែរ ។ 

ប្រធាននាយកដ្ឋាន ប្រយុទ្ធនិងជំងឺឆ្លង នៃក្រសួងសុខាភិបាល លោក វេជ្ជបណ្ឌិត លី សុវណ្ណ បានថ្លែងក្រោយបញ្ចប់ ការផ្សព្វផ្សាយដល់ប្រព័ន្ធសារ ព័ត៌មាន អំពីបច្ចុប្បន្នភាពនៃ ជម្ងឺផ្តាសាយបក្សី H5N1 និងជម្ងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា នៅមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ថា វីរុសប្រភេទថ្មី H7N9 មិនទាន់កើតមានឡើង នៅកម្ពុជានោះទេ ប៉ុន្តែទោះបីជាយ៉ាងណាពលរដ្ឋ នៅទូទាំងប្រទេស ត្រូវតែចេះការពារ ហើយប្រសិនបើឃើញករណី ណាមួយគួរឲ្យសង្ស័យត្រូវ រាយការណ៍មកកាន់ នាយកដ្ឋានជាបន្ទាន់ ។
ចំពោះវិធានការការពារវិញលោក លី សុវណ្ណថា កម្ពុជាបានប្រើប្រាស់ប្រព័ន្ធ ដែលមានស្រាប់ក្នុងការទប់ស្កាត់ មិនឲ្យឆ្លងរីករាលដាល ដោយសហការជាមួយមន្រ្តីបសុពេទ្យ ហើយក្នុងករណីរកឃើញ ត្រូវរាយការណ៍មក ហើយបើខាងនាយកដ្ឋាន រកឃើញក៏រាយការណ៍ទៅវិញ ។
លោក វេជ្ជបណ្ឌិត លី សុវណ្ណ បានបន្ថែមទៀតថា ប៉ុន្តែរហូតមកដល់ម៉ោងនេះ យើងអត់ទាន់រកឃើញនោះទេ ប៉ុន្តែយើងតាមដាន ជាប់ជានិច្ចមិនមែនតែ H7N9 នោះទេ គឺលើជំងឺទាំងអស់
តាមរបាយការណ៍អង្គការសុខភាពសត្វពិភពលោក បានឲ្យដឹងថា ជំងឺផ្តាសាយបក្សី H5N1 បានកើតមានឡើង ជាលើកដំបូងនៅឆ្នាំ២០០៤ នៅរាជធានីភ្នំពេញ។ ឆ្នាំ២០០៥ កើតឡើងលើមនុស្ស នៅខេត្តកំពត។ ត្រូវបានរកឃើញ នៅចន្លោះឆ្នាំ២០០៥ ដល់ឆ្នាំ២០១២ មានចំនួន២១ករណី , ឆ្នាំ២០១៣ មាន២៦ករណី , ឆ្នាំ២០១៤មាន៩ករណី , ឆ្នាំ២០០៥ មាន៥៦ករណី បណ្តាលឲ្យឆ្លងទៅ មនុស្សស្លាប់ចំនួន ៣៧នាក់ ។ ចំណែកពីឆ្នាំ២០១៣-២០១៤នៅកម្ពុជា មានករណី ផ្ទុះជំងឺ H5N1 ច្រើនជាងគេក្នុងតំបន់ ៕