Saturday, July 22, 2017

ករណីពាក់ព័ន្ធនឹងករណីជួញដូរអាវុធខុសច្បាប់ ( នាំពីកម្ពុជាយកទៅលក់នៅថៃ)




ប្រទេសថៃ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ ដែលមានការពាក់ព័ន្ធនឹងករណីជួញដូរអាវុធខុសច្បាប់ ( នាំពីកម្ពុជាយកទៅលក់ឲ្យថៃ) ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកសំពៅលូន សហការជាមួយនឹងកំលាំងសមត្ថកិច្ចស្រុកម៉ាឡៃ ធ្វើការចាប់ខ្លួន បន្ទាប់ពីមានករណីជួញដូរនូវប្រភេទកាំភ្លើងត្បាល់ធុនធ្ងន់ និងគ្រាប់រ៉ុក្កែត មួយចំនួន ដែលត្រូវបានក្រុមតម្រួតថៃចាប់បាននៅក្នុងខេត្តស្រះកែវ
ដែលកាលនោះជនសង្ស័យបានឆ្លើយសារភាពថា បានយកពីខាងទឹកដីកម្ពុជា ដោយភាគីខ្មែរជាអ្នកលក់ឲ្យ ខណៈដែលជនសង្ស័យចំនួន៥នាក់បានធ្វើការដឹកជញ្ជូនអាវុធ និងគ្រាប់រំសេវទាំងនេះ ចេញពីខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃចូលទៅក្នុងប្រទេសថៃ ដោយបានឆ្លងកាត់ខេត្តស្រះកែវ ក៏ត្រូវកំលាំងស្ទាក់ចាប់តែម្តង ។

គួររំលឹកដែរថា កាលពីវេលាម៉ោង០០និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងស្នងការដ្ឋានតម្រួតខេត្តស្រះកែវ បានចុះសហការជាមួយកំលាំងអធិការដ្ឋាន ស្រុកអារញ្ញប្រាថេត និងកម្លាំងអធិការដ្ឋាន ស្រុកមឿងស្រះកែវ បានចេញប្រតិបត្តិការ បន្ទាប់ពីទទួលបាននូវសេចក្តីរាយការណ៍ស្តីពីករណីជួញដូរអាវុធខុសច្បាប់ ។

កិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង នៅលើកំណាត់ផ្លូវលេខ៣៥៩ ក្នុងភូមិ៧ ឃុំស្រះខ្វាន់ ស្រុកមឿងស្រះកែវ ខេត្តស្រះកែវប្រទេសថៃ ខណៈដែលរថយន្តរបស់មុខសញ្ញាចំនួន៣គ្រឿង បានបង្ហាញខ្លួន នៅកន្លែងស្ថានីយ៍ប្រេងឥន្ធនៈខាងលើនេះ ។

ក្រោយពេលធ្វើការឡោមព័ទ្ធពីកម្លាំងតម្រួតថៃ គឺជនសង្ស័យចំនួន៥នាក់ ត្រូវបាន ចាប់ខ្លួន ដែលពួកគេទាំងនោះមានឈ្មោះ ១. ផាណា ឆៃគង់ ភេទប្រុស អាយុ៣៨ឆ្នាំ ២. ប៊ុនថាំ ជ័យជំនះ ភេទប្រុស អាយុ៥២ឆ្នាំ, ៣. ខុមសាន់ កិច្ចថាវ៉នអាជីព ភេទប្រុសអាយុ៣០ឆ្នាំ, ៤. ឧទ័យ ជ័យជំនះ ភេទប្រុស អាយុ៤៨ឆ្នាំ និង៥. មានជ័យ កាន់ប្រៈសុំ
ភេទប្រុស អាយុ៣២ឆ្នាំ ។

នៅក្នុងពេលចាប់ខ្លួននោះ សមត្ថកិច្ចបានឆែកឆេរ និងធ្វើការត្រួតពិនិត្យទៅលើរថយន្តទាំង៣គ្រឿង គឺបានរកឃើញវត្ថុតាងមួយចំនួន ដែលសុទ្ធសឹងតែជាអាវុធធុនធ្ងន់ទាំងអស់ដែលក្នុងនោះរួមមាន៖ កាំភ្លើងផ្លោងធុន ៨២ មីល្លីម៉ែត្រ ចំនួន២ដើម កាំភ្លើងផ្លោងធុន ៨១ មីល្លីម៉ែត្រ ចំនួន១ដើម គ្រាប់ផ្លោងធុន ៨២ មីល្លីម៉ែត្រ ចំនួន៣គ្រាប់គ្រាប់រ៉ុក្កែតដុតឆ្នួន ចំនួន ៣ឈុត រថយន្តចំនួន៣គ្រឿង និងទូរស័ព្ទដៃ ចំនួន៦គ្រឿង ។

ជុំវិញការជួញដូរអាវុធខុសច្បាប់ របស់ជនសង្ស័យទាំង៥នាក់ ដែលផ្ទុយពីមាត្រាដែល បានចែងថា ហាមនាំយកអាវុធ គ្រាប់រំសេវ ទៅធ្វើចរាចរណ៍លើផ្លូវសាធារណៈ ដោយគ្មានការអនុញ្ញាតនោះ ត្រូវបានកម្លាំងតម្រួតចាត់បញ្ជូន រួមជាមួយនឹងវត្ថុតាង ទៅកាន់ស្នងការ ខេត្តស្រះកែវ ក្នុងការសាកសួរបន្ថែមជុំវិញការនាំអាវុធដោយខុសច្បាប់នេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងបន្តបើកការស្រាវជ្រាវថា តើអាវុធទាំងនេះយកមកពីប្រភពណា ហើយពួកគេនាំយកទៅណា អោយបានច្បាស់ ។ ដោយនៅពេលនោះដែរ ចំលើយក៏បានបង្ហើបថា អាវុធទាំងនេះត្រូវបាននាំចេញនៅត្រង់ចំណុចភូមិសង្កែ ឃុំបឹងបេងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

បន្ទាប់ពីមានការទំនាក់ទំនងគ្នាបានយ៉ាងល្អប្រសើរ និងក្រោយពីបានទទួលនូវចំលើយសារភាពពីជនសង្ស័យទាំង៥នាក់រួចមក នៅរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ កំលាំងអធិការស្រុកសំពៅលូន និងកម្លាំងអធិការស្រុកម៉ាឡៃ បានរួមសហការគ្នាចេញប្រតិបត្តិការចុះទៅកាន់មូលដ្ឋានស្រុកសំពៅលូន ដោយបានចាប់ខ្លួនជនសង្ស័យម្នាក់ទៀតមានឈ្មោះ ជឹម លីន ភេទប្រុស អាយុ៣៦ឆ្នាំ មានដើមកំណើតនៅភូមិត្រពាំងកក់ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ និងបច្ចុប្បន្ន រស់នៅភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
រហូតដល់ព្រឹកថ្ងៃទី២២ ខែកក្កដានេះ គេសង្គេតឃើញថា កម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង នៅតែបន្តសកម្មភាពរបស់ខ្លួនក្នុងការតាមប្រមាញ់និងស្រាវជ្រាវរកបក្ខពួកជនសង្ស័យបន្ថែមទៀត ។

ជុំវិញករណីជួញដូរអាវុធខុសច្បាប់ទាំងនេះ ដោយបច្ចុប្បន្នជនសង្ស័យដែលចាប់ខ្លួនបានត្រូវបានកំលាំងសមត្ថកិច្ច នាំយកទៅកាន់ខេត្តបន្ទាយមានជ័យហើយ ដើម្បីសាកសួរបន្ត ៕